
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំទ្វេភាគី នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) នេះ ដោយមានរយៈពេលប្រហែល ២ខែ បន្ទាប់ពីប្រទេស បានចាប់ផ្តើមកិច្ចពិភាក្សាហិរញ្ញវត្ថុឡើងវិញ ក្នុងកិច្ចប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនង ដែលធ្លាប់មានភាពតានតឹងជាមួយគ្នាពីមុនមក។
មន្ត្រីរដ្ឋាភិបាល ៣រូបដែលបានដឹងអំពីរបៀបវារៈ សម្រាប់កិច្ចពិភាក្សា នៅទីក្រុងតូក្យូ ប្រទេសជប៉ុននេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki និងសមភាគីកូរ៉េខាងត្បូងលោក Choo Kyung-ho ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងលើភាពចាំបាច់ ដើម្បីស្ដារឡើងវិញនូវកិច្ចសម្រុះសម្រួលនៃការផ្លាស់ប្តូររូបិយប័ណ្ណទ្វេភាគីដែលលែងមានដំណើរការ។
កិច្ចព្រមព្រៀងដោះដូរនេះ បានផុតកំណត់ក្នុងឆ្នាំ២០១៥ នៅចំពេលដែលទំនាក់ទំនងនៃប្រទេសទាំង២ កាន់តែអាក្រក់ទៅៗ ជុំវិញបញ្ហាទាក់ទងនឹងការធ្វើអាណានិគមលើឧបទ្វីបកូរ៉េ ក្នុងសម័យសង្គ្រាមរបស់ប្រទេជប៉ុន។
ប៉ុន្តែទំនាក់ទំនង រវាងប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំង២នេះ បានចាប់ផ្ដើមប្រសើរឡើងវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅចំពោះមុខនៃការប្រឈមនឹងការបាញ់មីស៊ីលញឹកញាប់របស់ប្រទេសកូរ៉េខាងជើង និងការមានតួនាទីកាន់ច្រើនឡើងរបស់ប្រទេសចិន នៅលើឆាកអន្តរជាតិ៕