បារាំង៖ នគរបាលបារាំងម្នាក់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃុំខ្លួនជុំវិញការបាញ់សម្លាប់យុវជនម្នាក់ នៅជិតរដ្ឋធានីប៉ារីសកាលពីថ្ងៃអង្គារ។ យុវជនវ័យ១៧ឆ្នាំម្នាក់ ដែលមានឈ្មោះថា ណាហេល អឹម (Nahel M) ត្រូវបានបាញ់ក្នុងរយៈចម្ងាយមធ្យម ខណៈរូបគេបានបើករត់គេចហើយក្រោយមកបានបុកនឹងបង្គោលសញ្ញាឲ្យឈប់ភ្លាមៗ។

ការផ្ទុះកំហឹងចំពោះការស្លាប់របស់យុវជនរូបនេះ បានបង្កឲ្យផ្ទុះអំពើហិង្សាទូទាំងប្រទេស ។ ក្បួនតវ៉ាមួយដឹកនាំដោយម្ដាយរបស់ជនរងគ្រោះ ត្រូវបានរារាំងដោយការប៉ះទង្គិចគ្នាជាបន្តបន្ទាប់កាលពីរសៀលថ្ងៃព្រហស្បតិ៍។ ក្នុងភាពរំជើបជំរួលនៅយប់ទី៣ ក្រុមអ្នកតវ៉ា ជាច្រើនត្រូវបានចាប់ខ្លួនក្នុងទីក្រុងលីល(Lille)និងម៉ាកសី (Marseille)។នៅក្នុងទីប្រជុំជនណង់ទែរ (Nanterre)ជាទីដែលយុវជនត្រូវបានបាញ់ស្លាប់ ឣគ្គិភ័យដ៏ធំមួយ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅហ៊ុទ័ព្ធអគារធនាគារមួយកន្លែងនៅជាន់ផ្ទាល់ដី។
វីដេអូ និងរូបភាពនៅលើបណ្ដាញសង្គម ក៏បានបង្ហាញផងដែរ ពីគំនរសំរាម កំពុងត្រូវបានឆាបឆេះ នៅតាមកន្លែងមួយចំនួន។
សេវារថយន្តក្រុង និងរយន្តដឹកអ្នកដំណើរនៅក្នុងទីក្រុងប៉ារីស និងតំបន់ជាច្រើនទៀត បានឈប់ប្រតិបត្តិការនៅម៉ោង ២១ ម៉ោងក្នុងស្រុក ជាការត្រៀមជើងការសម្រាប់ទប់អំពើហិង្សាផ្សេងទៀត ។ តំបន់ដាច់ស្រាយាលមួយចំនួនបានប្រកាសអុវត្តន៍បម្រាមគោចរនៅពេលយប់។សេវាដឹកជញ្ជូនផ្សេងៗក៏ត្រូវបានរំខានផងដែរនៅក្នុងទីក្រុងលីល និងទួរស៍ (Tours)។

នគរបាលចំនួន៤ម៉ឺននាក់ ត្រូវបានដាក់ពង្រាយពេញទូទាំងប្រទេសបារាំងដើម្បីទប់ទល់ភាពចលាចល បន្ទាប់ពីរថយន្ត និងអគារជាច្រើនត្រូវបានបំផ្លាញក្នុងអំពើកុបកម្មនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសនេះកាលពីយប់ថ្ងៃអង្គារនិងពុធ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gérald Darmanin) បាននិយាយថាក្រុមមន្ត្រីចំនួន១៧០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាតែយប់ថ្ងៃពុធមួយថ្ងៃប៉ុណ្ណោះ និងមនុស្សជាង២០០នាក់ ត្រូវបានចាប់ខ្លួន៕
