ម៉ិកស៊ិក៖ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សជាង ១០០នាក់ បានស្លាប់ដោយសារតែកម្ដៅឡើងក្ដៅខ្លាំង នៅប្រទេសម៉ិកស៊ិក ក្នុងខែមិថុនានេះ បន្ទាប់ពីមានរលកកំដៅជាបន្តបន្ទាប់ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ស្របពេលដែលអ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកម្ដៅផែនដីកំពុងធ្វើឲ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយប្រទេសជាច្រើនជួបប្រទះនូវសីតុណ្ហភាពខ្ពស់បំផុត។

បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ កាលពីថ្ងៃពុធ (28 មិថុនា) ការជួយសង្គ្រោះបន្ទាន់ទាក់ទងនឹងកម្ដៅជាង ១.០០០ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ិកស៊ិក ចន្លោះពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២៥ ខែមិថុនា ដែលក្នុងនោះ ១០៤ករណី បានបណ្តាលឲ្យមានការបាត់បង់ជីវិត។
អាជ្ញាធរបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៨នាក់រួចហើយ នៅចន្លោះថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែឧសភា ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ១១២នាក់ ហើយបើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មូលហេតុចម្បងនៃការស្លាប់នោះ គឺដាច់សរសៃឈាមដោយសារក្ដៅខ្លាំង និងបន្ទាប់មកដោយសារការខ្សោះជាតិទឹក។

ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា សីតុណ្ហភាពអតិបរិមា ៤៩អង្សាសេ គឺជាការឡើងកម្តៅខ្ពស់បំផុត ក្នុងសប្តាហ៍នេះ នៅរដ្ឋសូណូរ៉ា (Sonora) ភាគពាយ័ព្យ។ នៅប្រទេសម៉ិកស៊ិក សីតុណ្ហភាពអតិបរិមាជាមធ្យម ក្នុងកំឡុងរដូវក្តៅប្រែប្រួលចន្លោះពី ៣០ទៅ ៤៥អង្សាសេ ហើយអាជ្ញាធរបានព្រមានថា រលកកម្តៅមួយផ្សេងទៀត អាចប៉ះពាល់ដល់ប្រទេស ដែលមានប្រជាជនចំនួន ១២៧លាននាក់នេះ ចាប់ពីថ្ងៃទី១ ខែកក្កដា៕