ឈីលី-អាហ្សង់ទីន៖ រថយន្តដឹកទំនិញរាប់ពាន់គ្រឿង បានជាប់គាំងនៅជិតព្រំដែនប្រទេសឈីលីនិងអាហ្សង់ទីន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយព្យុះព្រិលបានបណ្តាលឱ្យមានការបំផ្លាញរចនាសម្ព័ន្ធផ្លូវថ្នល់ ដែលតភ្ជាប់ប្រទេសទាំងពីរ។ ទិដ្ឋភាពពីយានដ្រូន បានបង្ហាញរថយន្តដឹកទំនិញរាប់សិបគ្រឿង បានចតនៅតាមដងផ្លូវ ខណៈអ្នកបើកបររង់ចាំការឆ្លងកាត់ព្រំដែនបើកឡើងវិញ។ អ្នកបើកបរទាំងនេះ មួយចំនួនបានជាប់គាំងជាច្រើនថ្ងៃមកហើយ។
យោងតាមការរាយការណ៍ក្នុងតំបន់បានឲ្យដឹងថា រថយន្តដឹកទំនិញប្រមាណ ២.០០០ គ្រឿង ត្រូវបានប្រជ្រៀតនៅខាងប្រទេសឈីលីរង់ចាំឆ្លងកាត់ព្រំដែន។
អាជ្ញាធរក្នុងតំបន់ជឿថា វាអាចមានរយៈពេលប្រាំពីរថ្ងៃទៀត មុនពេលព្រំដែនបើកឡើងវិញ។ ភ្លៀងធ្លាក់ខ្លាំង ដែលបានស្រោចស្រពមកលើប្រទេសឈីលីចាប់តាំងពីសប្តាហ៍មុន បានបំផ្លាញតំបន់ជាច្រើន បណ្តាលឣោយផ្ទៃដីពេញដោយភក់ល្បាប់ ជន់លិចភូមិឋាន បំផ្លាញលំនៅឋាន និងផ្លូវថ្នល់៕

