អ៊ីតាលី៖ អាកាសយានិកបុរស ៣រូបមកពីប្រទេសអ៊ីតាលី បានហោះឡើងចម្ងាយជាង ៥០ម៉ាយល៍ (៨០គីឡូម៉ែត្រ) ពីលើវាលខ្សាច់របស់រដ្ឋញូវម៉ិកស៊ីកូ (New Mexico) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) នៅលើយន្តហោះរ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Galactic ដែលជាការហោះហើរលើកដំបូងរបស់ក្រុមហ៊ុនដោយការបង់ប្រាក់ពីអតិថិជន ដែលធ្វើដំណើរទៅកៀកនឹងទីអវកាស គិតចាប់តាំងពីមហាសេដ្ឋីអង់គ្លេសលោក Richard Branson បានបង្កើតក្រុមហ៊ុននេះ ក្នុងឆ្នាំ២០០៤។

មន្ត្រីកងទ័ពអាកាសអ៊ីតាលី ២នាក់ និងវិស្វករអវកាសមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ (CNR) របស់ប្រទេសអ៊ីតាលី បានជិះយានអវកាសលំដាប់ទី២ រយៈពេលខ្លីជាមួយសមាជិកយានិកករបស់យន្តហោះរ៉ុក្កែត Virgin Galactic ៣នាក់ ដែលក្នុងនោះ ២នាក់ បានបើកយាន VSS Unity នៅពេលដែលយាននោះ ត្រូវបានបាញ់បង្ហោះ ក្នុងរយៈកំពស់យ៉ាងខ្ពស់ពីផ្ទៃនៃយានតួភ្លោះ ដែលដឹកយន្តហោះរ៉ុក្កែតនោះ។
វិស្វករអវកាសមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ (CNR) លោក Pantaleone Carlucci បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា៖ «វាពិតជាមិនគួរជឿសោះ។ ការបង្កើនល្បឿន ការហោះឡើង និងបន្ទាប់មក មីក្រូទំនាញ ហើយខ្ញុំត្រូវផ្តោតអារម្មណ៍ជាមួយនឹងការធ្វើតេស្តសាកល្បងរបស់ខ្ញុំ ជាមួយនឹងក្តារបន្ទះទ្រាប់ជង្គង់របស់ខ្ញុំ ប៉ុន្តែខ្ញុំក៏ឆ្លៀតឱកាសមើលទៅខាងក្រៅដែរ ហើយទិដ្ឋភាពគឺអស្ចារ្យណាស់»។
ប្រមាណជា ៧៥នាទីបន្ទាប់ពីការចាកចេញពីដីជាមួយនឹងយានមេ យានអវកាស VSS Unity បានហោះត្រឡប់មកកាន់ចំណុចចាប់ផ្តើមវិញ ដោយសុវត្ថិភាពលើផ្លូវរត់នៅឯ Spaceport America ដែលជាអគារគ្រប់គ្រងដោយរដ្ឋ នៅជិតទីក្រុង Truth or Consequences របស់រដ្ឋញូវម៉ិកស៊ីកូ (New Mexico)៕


