អាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៩ មិថុនា ថា បាឡុងចារកម្មចិនដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងរបស់អាមេរិកលើមហាសមុទ្រអាត្លង់ទិកកាលពីខែកុម្ភៈ ពុំបានប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់អីនោះទេ ខណៈបាឡុងនោះបានហោះនៅទូទាំងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ផាត រ៉ៃឌ័រ (Pat Ryder) បាននិយាយថា វាជាការវាយតម្លៃរបស់យើងនៅពេលនេះ ដែលបាឡុងនោះពុំបានប្រមូលអ្វីទេ ដោយគ្រាន់តែហោះឆ្លងកាត់សហរដ្ឋអាមេរិក ឬហោះហើរលើសហរដ្ឋអាមេរិកប៉ុណ្ណោះ ។
លោក រ៉ៃឌ័រ បាននិយាយថា សហរដ្ឋអាមេរិក បានចាត់វិធានការដើម្បីកាត់បន្ថយការប្រមូលព័ត៌មានសម្ងាត់ដោយបាឡុង។ លោករ៉ៃឌ័រ បាននិយាយដោយគ្មានការពន្យល់បន្ថែមថា ពិតណាស់កិច្ចខិតខំប្រឹងប្រែងដែលយើងបានធ្វើបានរួមចំណែកចំពោះរឿងនោះ ។
បាឡុងដ៏ធំដោយមានផ្ទុកគ្រឿងអេឡិចត្រូនិចដ៏ធំបានហោះពីលើសហរដ្ឋអាមេរិកពីរដ្ឋអាឡាស្កា (Alaska)នៅភាគពាយព្យ ទៅកាន់រដ្ឋ សោយខារ៉ូឡាយណា (South Carolina) នៅភាគខាងកើតកាលពីចុងខែមករា ដល់ដើមខែកុម្ភៈឆ្នាំនេះ ដោយឆ្លងកាត់ពីលើមូលដ្ឋានយោធាដ៏រសើប និងជំរុញឲ្យមានការព្រួយបារម្ភថាទីក្រុងប៉េកាំងកំពុងស្វែងរកព័ត៌មានសម្ងាត់សំខាន់ៗ។

បាឡុងនោះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី៤ ខែកុម្ភៈ នៅក្បែរឆ្នេរសមុទ្រ South Carolina ហើយត្រូវបានស្រង់ចេញពីមហាសមុទ្រអាត្លង់ទិកដោយយោធាអាមេរិក ដែលបានសិក្សាវត្ថុបន្ទុករបស់បាឡុងនេះ តាំងពីពេលនោះមក។
ឧបទ្ទវហេតុនេះបានជំរុញឲ្យមានភាពតានតឹងថ្មីនៅក្នុងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ៕