បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gérald Darmanin) បានប្រាប់ទូរទស្សន៍ BFMTV ថា មនុស្សយ៉ាងហោចណាស់៤២១នាក់ ត្រូវបានចាប់ខ្លួនទូទាំងប្រទេសបារាំង ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ មកដល់ព្រឹកថ្ងៃសុក្រនេះ ខណៈរលកនៃការតវ៉ាបានរាលដាលពាសពេញប្រទេស ក្រោយនគរបាលបានបាញ់សម្រាប់ក្មេងប្រុសជំទង់ម្នាក់ ។

ទីក្រុងធំៗនៅក្នុងប្រទេសបារាំង បានជួបប្រទះកុបកម្មយប់ទី៣ ខណៈលោកប្រធានាធិបតី Emmanuel Macron បានព្យាយាមពន្លត់កំហឹងសាធារណៈដែលកំពុងក្ដៅគគុកបង្កឡើងដោយនគរបាលបានបាញ់សម្លាប់យុវជនម្នាក់កូនកាត់អាល់ហ្សេរី -ម៉ារ៉ុក អំឡុងត្រួតពិនិត្យចរាចរណ៍។
ក៏មានការប៉ះទង្គិចគ្នាត្រូវបានរាយការណ៍ផងដែរ រវាងក្រុមយុវជន និងក្រុមមន្ត្រីនគរបាល នៅក្នុងរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិក ជាទីដែលមនុស្ស១០នាក់ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយប្រតិបត្តិការផ្នែកដឹកជញ្ជូនសាធារណៈមួយចំនួនរបស់រដ្ឋធានីនេះ ក៏ត្រូវបានផ្អាកផងដែរ។

ភាពចលាចល នៅក្នុងប្រទេសបារាំង នៅពេលនេះ បានធ្វើឲ្យគេនឹកឃើញដល់កុបកម្មកាលពីឆ្នាំ២០០៥ ដែលធ្វើឲ្យរំជើបរំជួលទូទាំងប្រទេសជាច្រើនសប្ដាហ៍ និងបានបង្ខំឲ្យលោកប្រធានាធិបតី ហ្សាកស៊ីរ៉ាក(Jacques Chirac) ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយកាលនោះ មនុស្សជាង៦.០០០នាក់ ត្រូវបានចាប់ខ្លួន៕