អារ៉ាប់៖ ប្រទេសអ៊ីរ៉ាក់ អារ៉ាប់រួម និងប្រទេសម៉ូស្លីមជាច្រើនផ្សេងទៀត បានថ្កោលទោសការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន នៅទីក្រុងស្តុកខូម (Stockholm) ប្រទេសស៊ុយអែត ខណៈដែលប្រជាជនម៉ូស្លីមទូទាំងពិភពលោក បានប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់មួយរបស់អ្នកកាន់សាសនាឥស្លាម។

បុរសម្នាក់ដែលត្រូវបានប្រាប់ថាជាជនជាតិអ៊ីរ៉ាក់ បានហែក និងដុតគម្ពីរកូរ៉ាន នៅខាងក្រៅវិហារឥស្លាម នាកណ្តាលទីក្រុងស្តុកខូម (Stockholm) ក្នុងអំឡុងបាតុកម្មមួយ ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលស៊ុយអែត កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) ដោយទង្វើនេះ បានបង្កជាកំហឹង ក្នុងប្រទេស នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។
បើយោងតាមការផ្សាយពីបណ្ដាញសារព័ត៌មានអ៊ីរ៉ាក់ បាតុករអ៊ីរ៉ាក់រាប់សិបនាក់ បានសម្រុកចូលស្ថានទូតស៊ុយអែត នៅទីក្រុងបាកដាដ បន្ទាប់ពីមានការអំពាវនាវឲ្យធ្វើបាតុកម្មដោយកំហឹង ពីសំណាក់បព្វជិតស៊ីអ៊ីតដ៏មានឥទ្ធិពល លោក Muqtada al-Sadr ( ម៉ុតតាដា អាល់សាដ)។

ប្រទេសម៉ារ៉ុកបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសស៊ុយអែត ដើម្បីតវ៉ាដោយមិនមានពេលវេលាកំណត់ និងបានកោះអញ្ជើញភារធារីរបស់ស៊ុយអែត ប្រចាំនៅទីក្រុងរ៉ាបាត (Rabat) ដើម្បីមកស្ដាប់នូវការបង្ហាញពីការថ្កោលទោសយ៉ាងខ្លាំងរបស់ព្រះរាជាណាចក្រនេះ ចំពោះការវាយប្រហារនេះ និងការបដិសេធរបស់ខ្លួន ចំពោះទង្វើដែលមិនអាចទទួលយកបាននេះ ហើយប្រទេសលីបង់ ស៊ូដង់ និងហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសដែលបានកោះហៅក្រុមអ្នកការទូតជាន់ខ្ពស់ស៊ុយអែត នៅក្នុងដីរបស់ខ្លួនរៀងៗខ្លួនដែរ។
ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាត់ការដែលត្រូវបានអនុញ្ញាតដោយតុលាការស៊ុយអែត គឺជាការ «បង្កហេតុ មិនឆ្លាត និងមិនអាចទទួលយកបាន» ជាពិសេសក្នុងអំឡុងពេលធម្មយាត្រា Hajj(ហាជី) និងពិធីបុណ្យ Eid al-Adha របស់ម៉ូស្លីម។ រីឯក្រសួងការបរទេសស៊ូដង់បានពណ៌នាការធ្វើបែបនេះថា ជា «ទង្វើដ៏អាម៉ាស់ និងបង្កហេតុដល់ប្រជាជនម៉ូស្លីម ជុំវិញពិភពលោក ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យ Eid al-Adha»។

នគរបាលស៊ុយអែត បានចោទប្រកាន់បុរស ដែលបានដុតកម្ពីរពិសិដ្ឋនេះ ពីបទបង្កជម្លោះ ប្រឆាំងនឹងក្រុមជនជាតិភាគតិច ឬជាតិសាសន៍៕