បាល់ទាត់៖ មានមនុស្សមិនច្រើនទេនៅលើលោកនេះ ដែលអាចបញ្ចុះបញ្ចូលឲ្យកីឡាករលំដាប់ពិភពលោកណាម្នាក់ធ្វើការផ្លាស់ប្តូរ តែម្តាយរបស់ Cristiano Ronaldo ប្រហែលជាអាចធ្វើបាន ក្នុងការនាំមុខកូនប្រុសរបស់ខ្លួនត្រលប់មកក្លិបចាស់វិញ។

លោកស្រី Dolores Aveiro បានចូលរួមអបអរសាទរជ័យជំនះ ជើងឯកលីគកំពូលព័រទុយហ្កាល់របស់ Sporting CP ដែលជាជើងឯកលើកដំបូងរាប់តាំងពីឆ្នាំ២០០២ ដោយលោកស្រីបាននិយាយទៅកាន់អ្នកគាំទ្រថា លោកស្រីនឹងនិយាយជាមួយកូនប្រុសរបស់ខ្លួន ធ្វើយ៉ាងណាឲ្យត្រលប់មកកាន់ Sporting វិញនៅរដូវកាលក្រោយ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះនៅសល់កិច្ចសន្យាជាមួយ Juventus ១រដូវកាលទៀត តែអនាគតរបស់ Ronaldo កំពុងស្រពិចស្រពិលនៅឡើយ ខណៈពាក្យចចាមអារ៉ាមពីការផ្លាស់ចេញមានហូរហែ។ Juventus កំពុងឈរលេខ៥ នៅ Serie A ហើយក៏អាចនឹងបាត់មុខពី Champions League ដែរនៅរដូវកាលក្រោយ ហើយប្រសិនជាពិតមែននោះច្បាស់ណាស់ថា Ronaldo នឹងចាកចេញ។
ជើងឯកព័រទុយហ្កាល់របស់ Sporting CP នឹងធ្វើឲ្យពួកគេបង្ហាញខ្លួននៅ Champions League រដូវកាល ដែលជាគោលដៅអាចទៅរួចមួយសំរាប់ Cristiano Ronaldo។ រំលឹកថា Sporting CP ជាក្លិបដំបូងរបស់ Cristiano Ronaldo ដែលបានរួមរស់តាំងពីក្មេង មុនពេលដែលកីឡាករវ័យ ៣៦ឆ្នាំរូបនេះចាប់ផ្តើមធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ក្នុងការក្លាយខ្លួនជាកីឡាករលំដាប់កំពូលនៅពេលផ្លាស់មកកាន់ Manchester United ហើយកាន់តែជោគជ័យទៀតនោះគឺអាជីពនៅ Real Madrid៕
អត្ថបទ៖នាង សុភាវុធ