ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើសុំដល់សមាជិក សមាជិកា ចូលរួមពិនិត្យ និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្ដសិទ្ធិកម្មសិទ្ធិបញ្ញា កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្នើសុំឲ្យចូលរួមការងារខាងលើនេះ ដើម្បីធានាបានកិច្ចការពារឱ្យមានប្រសិទ្ធភាព នៃសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ញា ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ប្រឆាំងនឹងការធ្វើចរាចរនៃផលិតផលក្លែងក្លាយ ជាពិសេសការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដោយជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាចំណោមសាធារណៈទូទៅ បង្កើនជំនឿទុកចិត្តពីអតិថិជន ពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត រហូតទទួលបានលទ្ធផលការងារគួរជាទីមោទន ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ , ការចូលជាសមាជិកនៃកិច្ចព្រមព្រៀងអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ និងទទួលជោគជ័យក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញា ដែលមានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្ពុជាសម្រេចបាននូវលទ្ធផលគួរជាទីមោទនលើវិស័យកម្មសិទ្ធិបញ្ញា ដោយឆ្នាំកន្លងទៅក្រុមការងារចរចាជំពូកកម្មសិទ្ធិបញ្ញា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលទើបនឹងចូលជាធរមានកាលពីឆ្នាំ២០២២ និងកិច្ចចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០២២ និងទើបបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅថ្មីនេះផងដែរ៕




