អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញភស្តុតាងថា រលកទំនាញ ដែលជារលកវិមាត្រនៃពេលវេលាអវកាសត្រូវបានព្យាករណ៍ដោយរូបវិទូ Albert Einsteinកាលពីរយៈពេលជាង ១សតវត្សរ៍មុន កំពុងតែជ្រាបចូលទៅក្នុងចក្រវាឡ ក្នុងប្រេកង់ទាប បង្កើតបានជាសំឡេងផ្នែកខាងក្រោយនៃចក្រវាឡ ។

ការរកឃើញថ្មីនេះ បង្ហាញថា ចក្រវាឡត្រូវបានយោលយោគដោយសាររលកទំនាញទាំងនេះ ដែលយោលទៅយោលមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឬអស់រយៈពេលយូរជាងនេះ ហើយវាទំនងជាមានដើមកំណើតដំបូងពីប្រហោងខ្មៅដ៏ធំសម្បើមចំនួន ២ដែលវិលជាមួយគ្នា មុនពេលត្របាញ់ចូលគ្នាតែមួយ ។
លោក Michele Vallisneri គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមន្ទីរពិសោធន៍ Jet Propulsion របស់អង្គការណាសា និយាយថា ការរកឃើញថ្មីបង្ហាញលើកដំបូងពីផ្នែកយឺតជាងគេនៃចក្រវាឡ ។ លោករំពឹងថា ចំណេះដឹងមួយនេះ នឹងឈានទៅរករបកគំហើញមួយទៀតដែលលោកសង្ឃឹមថា នឹងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើល ។

ផ្កាយ Pulsar គឺជាស្នូលដ៏ក្រាស់បំផុតនៃផ្កាយផ្ទុះដែលវិលលឿនដូចម៉ាស៊ីនទឹកក្រឡុកនោះ គឺសំខាន់ខ្លាំងណាស់នៅក្នុងការស្រាវជ្រាវថ្មីនេះ ។ ផ្កាយ Pulsar ចំនួន ៦៨ដួង ត្រូវបានប្រើប្រាស់ក្នុងការប្រមូលភស្តុតាង ។
ក្រុមអ្នកស្រាវជ្រាវ បានរៀបរាប់ថា ផ្នែកខាងក្រោយនៃរលកទំនាញចក្រវាឡ ស្មើនឹងឮសំឡេងមនុស្សដ៏ច្រើនមួយក្រុមជជែកគ្នានៅក្នុងពិធីជប់លៀង ដោយពុំអាចបែងចែកថាជាសំឡេងរបស់នរណាម្នាក់បានឡើយ ៕