ឥណ្ឌា៖ ជនរងគ្រោះដោយសារទឹកជំនន់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ពិបាករស់រានខ្លាំងណាស់ ពេលដែលផ្ទះសម្បែងរបស់ពួកគេនៅតែបន្តជន់លិច ហើយដំណាំត្រូវបានហូរនាំយកទៅអស់ ដោយសារទឹកជំនន់ ។
សារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់នៅក្នុងរដ្ឋមួយនេះ ស្របពេលដែលស្រុកចំនួន ១២នៅបន្តរងផលប៉ះពាល់ ។

រដូវមូសុងវស្សាមានភ្លៀងធ្លាក់ខ្លាំង កើតមានប្រចាំឆ្នាំនៅរដ្ឋ Assam ធ្វើឲ្យជន់លិច និងកើតមានបំណាក់ដី បង្ខំឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន។
ប្រជាពលរដ្ឋក្នុងស្រុក Barpeta ជាទីដែលមានមនុស្សប្រហែល ៤៣.០០០នាក់ រងផលប៉ះពាល់ មិនត្រឹមតែបាត់បង់ផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែដំណាំ និងដីស្រែចម្ការផងដែរ ធ្វើឲ្យពួកគេគ្មានប្រភពប្រាក់ចំណូលទៀតឡើយ ។

ទន្លេ Brahmaputra(ព្រហ្មបុត្រ) ដែលស្ថិតនៅក្នុងចំណោមទន្លេវែងបំផុតនៅលើពិភពលោក ហើយទឹករបស់វាបានប្រៀបច្រាំងនៅរដ្ឋ Assam នោះ បានជន់លិចភូមិឋានប្រជាពលដ្ឋជាច្រើនកន្លែង ហើយនិងធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកក្នុងរដ្ឋរាប់ម៉ឺននាក់ ៕
