បារាំង៖ ការបាញ់សម្លាប់យុវជនម្នាក់ ដែលជាពលរដ្ឋបារាំងមានដើមកំណើតអាល់ហ្សេរី និងម៉ារ៉ុក ដោយមន្ត្រីនគរបាលនៅខាងក្រៅទីក្រុងប៉ារីស បានបញ្ឆេះរលកនៃការតវ៉ាដ៏ហិង្សា ដែលធ្វើឲ្យលោកប្រធានាធិបតីបារាំង អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រឈមមុខជាថ្មីម្តងទៀតជាមួយនឹងភាពចលាចលនៅតាមដងផ្លូវ និងបានធ្វើឱ្យមានការចោទប្រកាន់ឡើងវិញ អំពីការរើសអើងជាតិសាសន៍នៅក្នុងបណ្ដាទីភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសបារាំង។

ភាពច្របូកច្របល់ពីការបាញ់ប្រហាររបស់នគរបាលទៅលើយុវជនវ័យ១៧ឆ្នាំម្នាក់នៅជាយក្រុងភាគខាងលិចនៃទីក្រុងNanterre ( ណង់ទែរ) កាលពីថ្ងៃអង្គារ បានកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីការធ្វើបាតុកម្មទូទាំងប្រទេសជុំវិញការសម្រេចចិត្តរបស់លោក ម៉ាក្រុង ក្នុងការបង្កើនអាយុចូលនិវត្តន៍ ដោយធ្វើឲ្យមេដឹកនាំបារាំងរូបនេះជួបជាមួយនឹងរលកនៃកំហឹងដ៏ខ្លាំងក្លាជាថ្មីម្ដងទៀត។
មនុស្សជាង៤០០នាក់ ត្រូវបានចាប់ខ្លួន និងមន្ត្រី១៧០នាក់ បានរងរបួសក្នុងអំឡុងពេលការតវ៉ាកាលពីយប់ថ្ងៃពុធ។ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានជំហរប្រកាន់តឹងរបស់ប្រទេសនះ បាននិយាយថា នគរបាលចំនួន ៤០.០០០ នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស។

សម្រាប់លោក ម៉ាក្រុង ដែលចូលចិត្តដាក់ខ្លួនជាកណ្តាលនិយមក្នុងនយោបាយបារាំង ប៉ុន្តែពុំមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភានោះ ហេតុការណ៍នេះ បានបង្ខំលោកឱ្យធ្វើការសម្រេចក្នុងជំហរថ្លឹងថ្លែងដ៏សមស្របមួយ។
ជាលទ្ធផល នៅពេលដែលការតវ៉ាផ្ទុះឡើង កំហឹងរបស់ប្រជាជនបារាំងមានទំនោរនឹងកើនឡើងទ្វេដងទៅលើលោកប្រធានាធិបតី ម៉ាក្រុង បន្ថែមទៀត៕