ឥណ្ឌា៖ បញ្ហាអាកាសធាតុដ៏ធ្ងន់ធ្ងរកំពុងវាយលុកប្រទេសឥណ្ឌា ដែលសីតុណ្ហភាពហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ព្រមទាំងភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យបញ្ហាប្រឈមក្នុងការផលិត និងដឹកជញ្ជូនអាហារនៅប្រទេសនេះកាន់តែធ្ងន់ធ្ងរ បណ្ដាឱ្យតម្លៃបន្លែ និងផ្លែឈើឡើងថ្លៃខ្ពស់។ ចាប់តាំងពីដើមខែមិថុនាមក ប្រទេសឥណ្ឌាបានទទួលរងនូវអាកាសធាតុក្តៅខ្លាំង ជាមួយនឹងសីតុណ្ហភាពលើសពី៤០អង្សាសេនៅក្នុងតំបន់ជាច្រើន។
ការលិចលង់ និងទឹកជំនន់ គួបផ្សំនឹងសីតុណ្ហភាពខ្ពស់ផងនោះ បានកាត់បន្ថយទិន្នផលដំណាំ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានរំខានដល់ការដឹកជញ្ជូន ដោយសារស្ពាន និងផ្លូវត្រូវជន់លិចដោយទឹកជំនន់ ដែលបង្កការលំបាកយ៉ាងខ្លាំងដល់កសិករក្នុងការថែរក្សាបន្លែ និងផ្លែឈើដែលខូចគុណភាព។
ដោយសារទិន្នផលត្រូវបានកាត់បន្ថយ ហើយការដឹកជញ្ជូនអាហារកាន់តែពិបាក តម្លៃបន្លែទូទៅរួមមាន ស្ពៃខ្មៅ ស្ពៃក្តោប និងននោង បានកើនឡើងយ៉ាងឆាប់រហ័ស។
តម្លៃលក់រាយរបស់ប៉េងប៉ោះ ដែលជាមុខម្ហូបទូទៅមួយក្នុងគ្រួសារឥណ្ឌាបានកើនឡើង ដោយតម្លៃធម្មតាគឺចាប់ពី៥រូពី ទៅ១០រូពីក្នុងមួយគីឡូក្រាម (ចន្លោះពី ០,០៦ ទៅ ០,១២ ដុល្លារអាមេរិក) តែពេលនេះឡើងដល់១០០រូពី (ប្រហែល១,២២ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។
យោងតាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ខ្យល់មូសុងនឹងនាំមកនូវភ្លៀងធ្លាក់បន្ថែមទៀតដល់រដ្ឋជាច្រើននៅទូទាំងប្រទេសឥណ្ឌា។ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងដែលរំពឹងថានឹងស្រោចស្រពលើតំបន់មួយចំនួន រួមទាំងតំបន់ភាគខាងលិច ភាគខាងកើត និងភាគឦសាន ដោយតម្លៃបន្លែ និងផ្លែឈើទំនងជានឹងកើនឡើងខ្ពស់ជាងនេះទៀត៕

