ភ្នំពេញ៖ នៅសល់ប្រមាណតែ២៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានចូលមកដល់ បណ្តាពលរដ្ឋនៅខេត្តកណ្តាល បានចាត់ទុកថា ការបោះឆ្នោត ជាការងារស្នូលធំផុតនៃលទ្ធិប្រជាធិបតេយ្យ និងមានសារសំខាន់ក្នុងការជ្រើសរើសមេដឹកនាំប្រទេសជាតិ សាងសុខសន្តិភាព បង្កើនការអភិវឌ្ឍប្រទេសជាតិ បន្តការរីចម្រើន។
ពលរដ្ឋ រស់នៅខេត្តកណ្តាល ថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែមិថុនានេះថា នៅពេលនេះ ពួកគាត់ បានត្រៀមរួចរាល់មានដូចជា អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរគំរូថ្មី ហើយសម្រាប់អ្នកមិនមានអត្តសញ្ញាណបណ្ណ ដោយសារការខូច ឬបាត់ជាដើម គឺបានត្រៀម ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើការបោះឆ្នោត ដើម្បីបំពេញសិទ្ធ កាតព្វកិច្ច ទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស ដែលគេស្រឡាញ់ពេញចិត្ត នៅក្នុងឱកាសការបោះឆ្នោតសកល នៅថ្ងៃទី២៣ ខែកក្កដានេះ ដោយខានមិនបាន។
សូមបញ្ជាក់ថា ក្នុងបញ្ជីឈ្មោះឆ្នោតឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មានពលរដ្ឋខ្មែរមានវ័យចាប់ពី ១៨ឆ្នាំឡើងទៅ ដែលត្រូវទៅបោះឆ្នោតមានចំនួន ៩លាន ៧សែន១០៦៥៥នាក់ ក្នុងនោះ មានស្រីប្រមាណជាង ៥លាននាក់ ដែលមានការិយាល័យបោះឆ្នោត ២ម៉ឺន៣៧៨៩ការិយាល័យ៕ អត្ថបទ ស៊ុម សុខជា