បាល់ទាត់៖ នៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះរដូវកាលក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga នឹងត្រូវបញ្ចប់ ខណៈការប្រជែងជើងឯកនៅតែតានតឹង។ ក្រុមការពារតំណែងជើងឯក Real Madrid បានរំកិលឡើងមកលេខ២ វិញក្រោយជ័យជំនះ ៤-១ នៅទឹកដី Grenada យប់មិញ។

ខ្សែបំរើក្រូអាស៊ីអតីតម្ចាស់ពាន Ballon d’Or ជាអ្នកបើកការនាំមុខអោយ Real Madrid នៅនាទីទី១៧ មុនពេលដែល Rodrygo បន្ថែមមួយគ្រាប់ទៀតនាទីទី៤៥+១។ ឈានចូលវគ្គទី២ ចន្លោះពេលតែ ៥នាទីប៉ុណ្ណោះគ្រាប់បញ្ចូលទី ៣គ្រាប់កើតឡើង ពោលគឺក្រុមម្ចាស់ផ្ទះ Grenada តាមបានមួយគ្រាប់នៅនាទីទី៧១ ដោយកីឡាករវ័យចំណាស់ Jorge Molina តែ Odriozola ស៊ុតអោយ Real Madrid នាំមុខ ៣-១ នាទីទី៧៥ និង Karim Benzema នាទីទី៧៦ អោយ Real Madrid យកឈ្នះនៅទឹកដី Grenada ៤-១។
ជ័យជំនះនេះធ្វើអោយក្រុមរបស់លោក Zinedine Zidane ឡើងមកលេខ២ ក្នុងតារាងពីលើ FC Barcelona ២ពិន្ទុ និងដេញពីក្រោយក្រុមកំពូលតារាង Atletico Madrid ២ពិន្ទុ។ សប្តាហ៍នេះ Atletico Madrid នឹងអាចក្លាយជាជើងឯក La Liga ប្រសិនបើឈ្នះ Osasuna ហើយ Real Madrid មិនអាចឈ្នះ Athletic Bilbao បាន។ ចំណែក Barcelona ដែលដេញពីក្រោយ Atletico Madrid ៤ពិន្ទុត្រូវទទួល Celta Vigo៕
អត្ថបទ៖នាង សុភាវុធ