ព្រៃវែង៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សា នេត សាវឿន មានជ័យ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានណែនាំដល់អាជ្ញាធរ និងលោកគ្រូ អ្នកគ្រូបន្តអប់រំ ដល់សិស្សានុសិស្សឲ្យបានជាប្រចាំទាក់ទងនិងផលប៉ះពាល់គ្រឿងញៀន ខណៈគ្រឿងញៀននេះនឹងនាំឲ្យ មានហានិភ័យខ្ពស់ចំពោះអនាគតយុវជន និងសង្គមជាតិ។
ឯកឧត្តម បានថ្លែងថា«ក្នុងនាំអាណាព្យាបាល ត្រូវសហការគ្នាឲ្យបានល្អជាមួយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់រំពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាងធ្លាក់ចូលអន្ទាក់គ្រឿងញៀន ហើយយុវជនផ្ទាល់ត្រូវនិយាយថាទេចំពោះគ្រឿងញៀនកុំចង់ដឹងកុំចង់សាក និងកុំពាក់ព័ន្ធទាំងអស់»។
ដោយឡែក ពាក់ព័ន្ធការងារចរាចរណ៍វិញ ឯកឧត្តម នេត សាវឿន ក៏មិនភ្លេចណែនាំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបរត្រូវប្រកាន់ស្ដាំ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយបើកបររថយន្ដត្រូវពាក់ខ្សែក្រវាត់ ហើយនិងមិនត្រូវបើកបរហួសល្បឿនកំណត់។ សម្រាប់អាណាព្យាបាល ត្រូវចូលរួមជួយអប់រំកូនចៅរបស់ខ្លួនមុនចេញពីផ្ទះ ឬសាលារៀនត្រូវក្រើនរំលឹកជាប្រចាំឲ្យគោរពច្បាប់ចរាចរណ៍នេះផងដែរ ខណៈចរាណ៍នេះបានស្លាប់មនុស្សក្នុងមួយថ្ងៃៗជា មធ្យមពី៤ទៅ៥នាក់។
ក្នុងឱកាសឱកាសនោះដែរ ឯកឧត្តម នេត សាវឿន ក្នុងនាមអគ្គស្នងការនគរបាលជាតិ បានជំរុញក៏ដូចជាដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀនផងដែរ៕អត្ថបទ៖ បានចក់









