
មន្ត្រីអាមេរិកមួយរូប បានបង្ហើបឲ្យដឹងថា សមាជិកអង្គការណាតូ (NATO) បានឈានដល់កិច្ចព្រមព្រៀងជាបណ្តោះអាសន្ន ដើម្បីស្នើឲ្យអគ្គលេខាធិការលោក Jens Stoltenberg បន្តធ្វើជាប្រធាននៃសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក ខាងជើងដែលមានសមាជិកចំនួន ៣១ប្រទេសនេះ សម្រាប់រយៈពេលមួយឆ្នាំទៀត។
មន្ត្រីដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈ និងបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ការសម្រេចចិត្តនៅតែត្រូវការរៀមចំបញ្ចប់ដោយសមាជិករបស់សម្ព័ន្ធភាព។
មន្ត្រីរូបនោះបាននិយាយទៀតថា ការសម្រេចដែលមានការរំពឹងទុកយ៉ាងខ្លាំង ក្នុងការស្នើសុំជាផ្លូវការឲ្យលោក Stoltenberg បន្តកាន់តំណែងរបស់លោកសម្រាប់រយ:មួយឆ្នាំទៀតនោះ ត្រូវបានគេរំពឹងថា នឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
សមាជិកណាតូគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងវីលនីញូស ប្រទេសលីទុយអានី នៅថ្ងៃទី ១១-១២ ខែកក្កដា ហើយមន្ត្រីរូបនោះ បានបន្ថែមទៀតថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់លោក Stoltenberg ក្នុងអំឡុងការជួបថ្មីៗនេះរបស់មេដឹកនាំទាំង២ នៅឯសេតវិមានថា ច្បាស់ណាស់ថា នឹងមិនមានការស្របមតិគ្នាក្នុងរយៈពេលដ៏ខ្លីក្នុងរង្វង់សម្ព័ន្ធមិត្តណាតូលើការជ្រើសរើសមេដឹកនាំអចិន្ត្រៃយ៍ថ្មីនោះឡើយ។
លោក Stoltenberg ដែលជាអតីតនាយករដ្ឋមន្ត្រីប្រទេសន័រវែស បានធ្វើជាមន្ត្រីស៊ីវិលជាន់ខ្ពស់របស់អង្គការណាតូ ចាប់តាំងពីឆ្នាំ២០១៤។ ការបំពេញតួនាទីរបស់លោក គ្រោងនឹងបញ្ចប់ កាលពីឆ្នាំមុន ប៉ុន្តែត្រូវបានបន្តជាលើកទី២ ដើម្បីបន្តអនុវត្តការគ្រប់គ្រងទៀត បន្ទាប់ពីមានការលុកលុយទាំងស្រុងរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕