
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅថ្ងៃសុក្រ (៣០ មិថុនា)នេះថា អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងអំឡុងពេលថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកក្កដា ដើម្បីទៅពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដៃឣ៊ិឈិរបស់ប្រទេសនេះ។
ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញទឹកសំណល់ពីរោងចក្រ ហ៊្វូគូស៊ីម៉ារបស់ក្រុមហ៊ុន Tokyo Electric Power Co ដែលត្រូវបានខូចខាតក្នុងអំឡុងគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ២០១១ ចូលទៅក្នុងសមុទ្រនៅរដូវក្តៅនេះ ដោយបង្កើនការព្រួយបារម្ភនៅក្នុងស្រុក និងពីប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង ចិន និងកោះតៃវ៉ាន់ជាដើម។
ទឹកសំណល់នោះ ត្រូវបានប្រើជាចម្បងដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់បន្ទាប់ពីគ្រោះមហន្តរាយនោះ។ វាគ្រប់គ្រាន់ក្នុងការបំពេញអាងទឹកទំហំប៉ុនអាងហែលទឹកកីឡាអូឡាំពិកប្រហែល ៥០០អាង ហើយកំពុងត្រូវបានរក្សាទុកនៅក្នុងធុងធំៗជាច្រើននៅរោងចក្រនោះ។បញ្ហានេះ ត្រូវបានលើកឡើងផងដែរនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កាលពីខែឧសភា ដែលលោក Kishida បានយល់ព្រមផ្តល់សិទ្ធិឱ្យអ្នកជំនាញកូរ៉េខាងត្បូងត្រួតពិនិត្យការបញ្ចេញទឹកសំណល់ដែលបានគ្រោងទុកនេះ៕
