UN៖ ក្រុមអ្នកការទូតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំជំនួបតាម Video នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដើម្បីដោះស្រាយអំពើហិង្សាដែលកំពុងឡើងកម្ដៅរវាងអ៊ីស្រាអែល និងពលរដ្ឋប៉ាឡេស្ទីន។

ប្រភពដដែលបាននិយាយថា សហរដ្ឋអាមេរិកដែលបានរារាំងជំនួប ដែលដើមឡើយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ និងបានស្នើឲ្យមានជំនួបនៅដើមសប្ដាហ៍ក្រោយ បានព្រមព្រៀងឲ្យមានសម័យប្រជុំដែលស្នើដោយប្រទេសទុយនីស៊ី, ន័រវែស និងចិននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះវិញ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនចង់បានការផ្ដល់ពេលវេលាសម្រាប់ផ្នែកការទូត។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken ដែលត្រូវបានសួរពីការលុបចោលសម័យប្រជុំនៅថ្ងៃសុក្រនេះ បាននិយាយថា សហរដ្ឋអាមេរិកមិនបានរារាំងជំនួបទេ តែចង់ឲ្យលើកទៅធ្វើនៅពេលក្រោយ។ លោក Blinken បានប្រាប់ក្រុមអ្នកយកសារព័ត៌មាននៅក្នុងទីក្រុង Washington ថា យើងមិនចង្អៀតចង្អល់ ហើយក៏គាំទ្រឲ្យបើកកិច្ចពិភាក្សាដោយចំហ នៅឯអង្គការសហប្រជាជាតិដែរ។
ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ក៏បានបង្ហាញក្ដីបារម្ភផងដែរជុំវិញការស្លាប់ និងរបួសជនស៊ីវិល ហើយកាលពីពេលថ្មីៗនេះបានជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់ការបណ្ដេញពលរដ្ឋប៉ាឡេស្ទីននៅក្នុងទីក្រុង Jerusalem ជាមូលហេតុជំរុញឲ្យមានជម្លោះផ្ទុះឡើងភ្លាមៗ។ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃសុក្រនេះថា ការវាយប្រហារពីលើអាកាស និងលើដីគោកកំពុងសម្រុកខ្លាំង លើតំបន់ព័ទ្ធជុំវិញដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។ ជាការឆ្លើយតប គ្រាប់រ៉ូកែតជាច្រើនក៏ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាផងដែរ៕
អត្ថបទ៖ សុខមាន