
ស្របពេលដែលលោក Aymen al-Rubayeដាំគ្រាប់ពូជដើមកោងកាងនៅតាមដីលិចទឹកស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ផ្សែងខ្មៅបានហុយចេញពីជើងមេឃ ពីក្រោយរូបលោក បង្ហាញពីការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលរូបលោកកំពុងពុះពារដោះស្រាយ។
លោក Rubaye គឺជាវិស្វករកសិកម្ម កំពុងធ្វើការលើគម្រោងចាប់ផ្តើមដោយស្ថាប័នរដ្ឋាភិបាលអ៊ីរ៉ាក់ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN) ដើម្បីដាំដើមកោងកាង ៤លានដើម នៅតំបន់លិចទឹក Khor al-Zubair ស្ថិតនៅជិតវាលអណ្តូងប្រេងកាតសំខាន់ៗ។
ភក់ត្រឹមក.ជើង បានជាប់ស្បែករបស់លោក ពេលដែលលោកដើរដោតគ្រាប់ពូជពីកន្លែងមួយទៅកន្លែងមួយ ដោយសង្ឃឹមថាវានឹងដុះក្លាយជាដើមកោងកាង ដែលអាចការពារតំបន់ឆ្នេរ ផ្តល់ជម្រកដល់ពពួកសត្វងាយរងគ្រោះ និងប្រយុទ្ធប្រឆំាងនឹងបម្រែបម្រួលអាកាសធាតុ ។
លោក Rubayeនិយាយថា បញ្ហាសំខាន់បំផុតដែលពួកយើងផ្តោតសំខាន់គឺដើមកោងកាងនឹងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយនិងសមត្ថភាពរបស់ដើមកោងកាងក្នុងការចាប់យក និងស្តុកឧស្ម័នកាបូនឌីអុកស៊ីត ។
យោងតាមការអះអាងរបស់ធនាគារពិភពលោក បានឲ្យដឹងថា ការបំភាយឧស្ម័នកាបូនរបស់ប្រទេសអ៊ីរ៉ាក់ បានកើនឡើងជាងទ្វេដងក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ ធ្វើឲ្យប្រទេសមួយនេះ ស្ថិតក្នុងចំណោមប្រទេសបំពុលបរិយាកាសដ៏អាក្រក់បំផុតនៅលើពិភពលោក៕
