
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa បានបង្ហើបថា សហភាពអឺរ៉ុបកំពុងឈានឆ្ពោះទៅរកការដកចេញវិធានការរឹតត្បិតការនាំចូលអាហារលើផលិតផលរបស់ប្រទេសជប៉ុនមួយចំនួន។
វិធានការនេះបានធ្វើឡើងបន្ទាប់ពីឧបទ្ទវហេតុនុយក្លេអ៊ែររោងចក្រ Fukushima Daiichi ឆ្នាំ២០១១។ សហភាពអឺរ៉ុប ទាមទារលិខិតបញ្ជាក់ការត្រួតពិនិត្យវិទ្យុសកម្មសម្រាប់ផលិតផលសមុទ្រមួយចំនួន រុក្ខជាតិព្រៃដែលអាចបរិភោគបាន និងមុខទំនិញផ្សេងទៀតដែលនាំចូលពីខេត្តចំនួន១០ រួមទាំងខេត្ត Fukushima និងខេត្ត Miyagi។ លោក Hayashi បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបកំពុងពិនិត្យឡើងវិញវិធានការនេះ ហើយលោកដឹងថាមានចំណាត់ការជាវិជ្ជមានឈានទៅរកការដកចេញវិធានការរឹតត្បិត។ លោកនិយាយថា រដ្ឋាភិបាលជប៉ុនស្វាគមន៍ចំពោះចំណាត់ការនេះ។ លោកបាននិយាយថាទីក្រុងតូក្យូ បានឆ្លៀតចាប់យកគ្រប់ឱកាស ដើម្បីអំពាវនាវឱ្យមានការដកចេញវិធានការរឹតត្បិតឱ្យបានឆាប់។ លោក Hayashi បានសម្តែងក្តីសង្ឃឹមថាសហភាពអឺរ៉ុប នឹងលុបចោលវិធានការនេះ និងផ្តល់ការជំរុញដ៏ធំដល់ការកសាងឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។