ភ្នំពេញ៖ អង្គការសង្គមស៊ីវិល បានបង្ហាញក្តីកង្វល់ចំពោះការធ្វើដំណើរទៅមកបំពេញការងាររបស់កម្មករនិយោជិត ខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជាង ២០ %គឺជាកម្មករនិយោជិត ដែលក្នុងនោះមួយភាគធំគឺជាស្រ្តី។
លោក គឹម បញ្ញា នាយកអង្គការមូលនិធីបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលលើកទី២ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង កាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣កន្លងទៅ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺន ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យពេលធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗដើម្បីរកចំណូលផ្គត់ផ្គង់ដល់គ្រួសារ។
លោកសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជនបង្គោលសុវត្ថិភាពចរាចរណ៍ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល នឹងបង្កើនចំណេះដឹងអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ ជំនាញសម្របសម្រួល និងមានសមត្ថភាពធ្វើការផ្សព្វផ្សាយអប់រំបណ្តុះបណ្តាល និងចែករំលែកបន្តយ៉ាងសកម្ម និងទូលំទំលាយដល់កម្មករនិយោជិតនៅតាមសាមីរោងចក្រ។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានជំរុញ និងលើកទឹកចិត្តដល់គ្រូបង្គោលដែលចូលរួមនាឱកាសនេះ ត្រូវបន្ដយកចិត្តទុកដាក់ និងចែករំលែកចំណេះដឹងដែលទទួលបានដល់អ្នកបើកបរ ក៏ដូចជាកម្មករនិយោជិតឱ្យចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតតាមគ្រប់រូបភាព ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យធ្លាក់មកនៅកម្រិតទាបបំផុត។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និង២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើនសមត្ថភាពគ្រូបង្គោល ដើម្បីអាចបង្រៀនបន្ត និងចែករំលែកចំណេះដឹងនេះ ដល់កម្មករនិយោជិត និងអ្នកបើកបរនៅក្នុងរោងចក្រសំដៅដល់ការលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើ ដំណើរទៅមករបស់កម្មករនិយោជិត។ វគ្គបណ្តុះបណ្តាលនេះដែរ គឺជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម” ក្រោមការគាំទ្រថវិកាពី ក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation) ដែលចាប់ផ្ដើមពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់នៅរោងចក្រចំនួន១៣ ដែលមានអ្នកទទួលផលជាកម្មករនិយោជិត និងអ្នកបើកបរប្រមាណ ៥៧ ០០០នាក់ នៅខេត្ត និងរាជធានីចំនួន ៦៕ ដោយ ៖ បូរ៉ាវី





