ភ្នំពេញ ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ទោះពីជាមានសាសនា និងជាតិសាសន៍ ខុសគ្នាជាច្រើនក៏ដោយ ក៏មិនមែនជាឧបសគ្គរារាអដល់ការកសាងប្រទេសជាតិនោះឡើយ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ស្ថិតនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាថ្ងៃ ទី៣០ ខែមិថុនានេះ។
ឯកឧត្តមបាន អបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ម៉ាស្ជិទ អាល់អាក់ឡា ព្រែកប្រា និង អគារស៊ូរ៉ាវស្ត្រី ដែលជាសមិទ្ធផលថ្មីនៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្ដមថ្លែងថា ពិតមែនតែនៅក្នុងប្រទេសរបស់កម្ពុជា មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះសាសនាឥស្លាម ក៏ជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នាដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល។
ឯកឧត្ដម ហ៊ុន ម៉ាណែត បញ្ជាក់ថា សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ខណៈ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជាជារួមនៅក្រោមបរិយាអំណោយផលសំខាន់ចំនួន ៣ គឺ សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព។
ឯកឧត្ដមបានថ្លែងអំណរគុណចំពោះលោកតាលោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកបានជឿជាក់ និងផ្តល់ទំនុកចិត្តលើ សម្តេចតេជោ និងរាជរដ្ឋាភិបាល ដោយក្នុងដំណាក់កាលដ៏លំបាក និងគ្រោះថ្នាក់បំផុត គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជីវិតពីការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។
ឯកឧត្តមក៏អំពាវនាវដល់ប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ តាមរយៈការអនុវត្តសិទ្ធិក្នុងការជ្រើសរើសគណបក្សនយោបាយមួយ ដែលខ្លួនពេញចិត្ត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ ដោយ ៖ ដារ៉ា












