
ទីតាំងការដ្ឋានសំណង់មួយកន្លែងក្នុងទីក្រុងប៉ារីសត្រូវគេមើលឃើញឆាបឆេះដោយអណ្តាតភ្លើង និងផ្សែងដ៏ខ្មៅនៅព្រឹកព្រលឹមថ្ងៃសុក្រ (៣០ មិថុនា) ខណៈដែលប្រទេសបារាំងកំពុងទទួលរងភាពចលាចលរាលដាលដល់ទីក្រុងធំៗមួយចំនួន បន្ទាប់ពីនគរបាលបានបាញ់សម្លាប់ក្មេងជំទង់មានដើមកំណើតអាល់ហ្សេរី និងម៉ារ៉ុកម្នាក់ក្នុងអំឡុងពេលភ្លើងស្តុបចរាចរណ៍។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានបង្ហាញពីភ្លើងឆេះនៅកន្លែងដែលអ្នកប្រើប្រាស់បណ្ដាញសង្គមនោះបាននិយាយថា គឺជាអាងហែលទឹកដែលត្រូវបានសាងសង់សម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤។ រថយន្តគិលានសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យត្រូវគេមើលឃើញទៅកាន់កន្លែងកើតហេតុនៅឃុំ Aubervilliers (ឣូប៊ែរវីល្លីយេ) ដែលស្ថិតនៅជាយក្រុងភាគឦសាននៃទីក្រុងប៉ារីសប្រទេសបារាំង។
ស្របពេលជាមួយគ្នានោះ នគរបាលចំនួនបួនម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ (២៩ មិថុនា) ដែលជាចំនួនជិតបួនដងនៃចំនួនដែលបានប្រមូលផ្តុំកាលពីថ្ងៃមុននោះ ប៉ុន្តែមានសញ្ញាតិចតួចដែលថារដ្ឋាភិបាលអំពាវនាវឱ្យកាត់បន្ថយអំពើហិង្សា នឹងបំបាត់កំហឹងដែលកំពុងរីករាលដាលដោយប្រជាពលរដ្ឋនោះ។
ឧបទ្ទវហេតុហេតុដែលបង្កឱ្យមានភាពចលាចលនេះ បានធ្វើឱ្យមានការត្អូញត្អែរពីអំពើហិង្សារបស់នគរបាល និងការរើសអើងជាតិសាសន៍ជាប្រព័ន្ធនៅក្នុងទីភ្នាក់ងារអនុវត្តច្បាប់ពីក្រុមសិទ្ធិមនុស្ស និងនៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាប ព្រមទាំងជាយក្រុងចម្រុះជាតិសាសន៍នៅជុំវិញទីក្រុងធំៗក្នុងប្រទេសបារាំងផងដែរ៕