កំពត ៖ គំនូសប្លង់គម្រោងសាងសង់សួនច្បារមាត់ព្រែកកំពត សម្រេចបានស្ទើរមួយរយភាគហើយ ដែលទៅ ពេលអនាគតមិនយូរ ដងព្រែកកំពត នឹងក្លាយទៅជាទីលម្ហែកម្សាន្តដ៏ស្រស់ស្អាត។
កាលពីម្សិលមិញ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំមួយ ស្ដីពីវឌ្ឍនភាពការងារគំនូសប្លង់គម្រោងសាងសង់សួនច្បារមាត់ព្រែកកំពត ក្នុងក្រុងកំពត ដើម្បីជំរុញ និងពន្លឿនរៀបចំអភិវឌ្ឍពង្រីកកែលម្អបន្ថែមឱ្យឆាប់លេចចេញជារូបរាង និងការផ្លាស់ប្ដូរយោបល់ ដើម្បីឲ្យការសាងសង់ប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងគ្មានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គម្រោងកសាងសួនច្បារមាត់ព្រែកក្រុងកំពតនេះ គឺមិនត្រឹមតែ ធ្វើឲ្យមានសោភ័ណភាព ឬ បរិស្ថានអនាម័យស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការសិក្សាឱ្យច្បាស់លាស់តាមបទដ្ឋានបច្ចេកទេស នៃការរៀបចំឱ្យមានប្រព័ន្ធលូ បង្ហូរទឹក បញ្ចៀសការជន់លិចក្រុង និងការបង្ហូរទឹកកខ្វក់ តាមស្តង់ដារបច្ចេកទេសបរិស្ថានផងដែរ។
ឯកឧត្តម បានស្នើឱ្យមន្ត្រីជំនាញ និងអាជ្ញាធរ រួមគ្នាផ្ដល់យោបល់ពាក់ព័ន្ធទៅលើការរចនាប្លង់គោល សួនច្បារ ឱ្យត្រូវតាមលក្ខណៈបច្ចេកទេសជំនាញ នៃផ្នែក និងស្ថាប័ននីមួយៗ ដែលមានការពាក់ព័ន្ធ ហើយផ្តោតសំខាន់លើសោភ័ណភាព និងបរិស្ថានស្អាត ដោយបញ្ចៀសផលប៉ះពាល់ផ្សេងៗផងដែរ។
បើតាមគំនូសប្លង់ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានបង្ហាញថា ការពង្រីកកែលម្អសួនច្បារមាត់ព្រែកកំពតនេះ ត្រូវពង្រីកចូលទៅក្នុងព្រែកបន្ថែមប្រវែង១៥ម៉ែត្រ កសាងរង្វង់មូលបាញ់ទឹក លយចូលទៅក្នុងព្រែក ផ្លូវជិះកង់ ផ្លូវដើរកម្សាន្ត ហាត់ប្រាណ សួនច្បារ បង់សម្រាប់អង្គុយលេង ចំណតរថយន្ត ម៉ូតូ មានការបែងចែកតំបន់រូបសំណាក តំណាងសួនច្បារខេត្តកំពត ដាក់បង្កាន់ដៃការពារ ដាំផ្កា និងដើមឈើផងដែរ។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក៏ដូចជាមន្ត្រីជំនាញ មិនទាន់អាចប្រាប់ឲ្យដឹងទេ ថាតើគម្រោងកែលម្អ ពង្រីកសួនច្បារមាត់ព្រែក ចាប់ពីចំណុចគល់ស្ពានថ្មី ដល់គល់ស្ពានចាស់នេះ ត្រូវប្រើថវិកាអស់ប៉ុន្មាន ខណៈដែលអភិបាលខេត្តកំពត ថាធ្វើយ៉ាងណាឲ្យសួននេះ ក្លាយទៅជាទីកន្លែងដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត៕
អត្ថបទ៖ អន សារឹម