
តួលេខពីការិយាល័យស្ថិតិជាតិ (ONS) បានបង្ហាញ នៅថ្ងៃសុក្រ (ទី៣០ ខែមិថុនា) នេះ ថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស បានកើនឡើងចំនួន០,១ភាគរយ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ដែលការកើននេះមិនបានដើរខុសពីការប៉ាន់ប្រមាណពីដំបូងដែលបានចេញផ្សាយ កាលពីខែមុននោះឡើយ។
តែទោះជាយ៉ាងណាក្ដី ONS បានឲ្យដឹងថា ផលិតផលសរុបក្នុងស្រុក (GDP) របស់ចក្រភពអង់គ្លេស នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ មានកម្រិត០,៥ភាគរយទាបជាងរយៈពេលមុន ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ នៅមុនការរាតត្បាតនៃជំងឺ COVID-19 ដោយស្របតាមការព្យាករណ៍ពីមុនផងដែរ។
ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ចាប់តាំងពីជំងឺរាតត្បាត COVID-19 មានភាពយឺតយ៉ាវជាងស្ទើរតែគ្រប់ផ្នែកលូតលាស់នៃសេដ្ឋកិច្ច ទោះបីជាប្រទេសអាល្លឺម៉ង់ក៏ជួបនឹងការលំបាកដូចគ្នាដែរ ហើយសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងត្រីមាសទី១ គឺតូចជាងមុនមានជំងឺរាតត្បាត០,៥ភាគរយ។
តួលេខ នៅថ្ងៃសុក្រនេះ ក៏បានបង្ហាញដែរថា ប្រាក់ចំណូលផ្ទាល់ពិតប្រាកដរបស់គ្រួសារនីមួយៗ មានការថយចុះ ០,៨ភាគរយ ធៀបនឹងត្រីមាសមុន ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការចំណាយខ្ពស់ សម្រាប់ថ្លៃភ្លើង ឧស្ម័ន និងអាហារ៕