កំពង់ធំ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ការដង្ហែក្បួនឃោសនាបោះឆ្នោតរបស់បក្សប្រជាជនកម្ពុជា ធ្វើឡើងនៅគ្រប់ឃុំ-សង្កាត់ទាំង ៨១ទូទាំងខេត្ត តែទីតាំងធំជាងគេ គឺនៅទីរួមខេត្ត ដែលបានរៀបចំក្រោមអធិបតីភាពឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្ដម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងមានសមាជិក សមាជិកាចូលរួម ៣២.២០០នាក់។
ក្នុងពិធីដង្ហែបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ បានប្រើប្រាស់រថយន្តធំ តូច១,៤០០ គ្រឿងគោយន្ត ៤៦ គ្រឿង កង់បី ៨គ្រឿង រឺម៉កម៉ូតូ១០គ្រឿង ម៉ូតូ ៩.៧០២ គ្រឿង កាណូត៧០ គ្រឿង និងឧបករណ៍បំពងសំឡេង១១៥គ្រឿង។
តាមការបញ្ជាក់របស់លោក ប្រែង សាវុធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានឲ្យដឹងថាការស្នើសុំដាក់ពាក្យរបស់គណបក្សនយោបាយធ្វើការឃោសនារកសំឡេងឆ្នោតមានចំនួន៥ គណបក្សក្នុងចំណោម ១៥ គណបក្ស ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ។
លោកបានបញ្ជាក់ថាក្នុងយុទ្ធនាការឃោសនានេះ បានធ្វើសកម្មភាពឃោសនាជាការជួបជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ និងបិទបដាជាដើម ។
លោកបានបញ្ជាក់ទៀតថាគណបក្សដែលបានដាក់ពាក្យស្នើសុំឃោសនារកសំឡេងឆ្នោតរួមមាន ១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សហ្វ៊ុនស៊ិនប៉ិច ៣.គណបក្សខ្មែររូបរួមជាតិ ៤.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៥.គណបក្សសញ្ជាតិកម្ពុជា៕





