ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិ (BNBP) បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកបាត់បង់ជីវិតដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា នៅក្នុងខេត្តម៉ាលូគូរបស់ប្រទេសឥណ្ឌូណេស៊ីភាគខាងកើត បានកើនឡើងដល់ ៣០នាក់ ហើយមនុស្សរាប់សែននាក់នៅតែស្ថិតនៅក្នុងជម្រកជម្លៀសខ្លួននៅឡើយ។
ការរញ្ជួយដីដែលមានកម្លាំង ៦.៥រ៉ិចទ័របានវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដែលបានបំផ្លាញលំនៅឋានរាប់រយខ្នង និងអគារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរាប់សិបកន្លែង រួមទាំងស្ពានសំខាន់មួយនៅទីក្រុងអាំប៊ុន (Ambon)។ ក្រុមមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ចំនួនអ្នកបាត់បង់ជីវិតកើនដល់ទៅ ២០នាក់។ មនុស្សជាច្រើនត្រូវបានបាត់បង់ជីវិតដោយសារថ្មធ្លាក់លើ។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិ (BNBP) លោក Agus Wibowo បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១៥០នាក់បានរងរបួស ហើយជាង ២០ម៉ឺននាក់ទៀតកំពុងស្នាក់នៅ ក្នុងជម្រកបណ្ដោះអាសន្ននៅឡើយ។
អ្នកដែលលំនៅឋានរបស់ពួកគេត្រូវបានបំផ្លាញ បានដំឡើងតង់ធ្វើជាជម្រកនៅជិតមន្ទីរពេទ្យ ឬទីធ្លាសាលារៀន។ ប្រជាជនដែលរស់នៅក្បែរមហាសមុទ្រ បានជម្លៀសខ្លួនទៅកាន់ទីខ្ពស់ បន្ទាប់ពីការរញ្ជួយនេះដោយខ្លាចរលកយក្សស៊ូណាមិ ទោះបីជាអាជ្ញាធរបានច្រានចោលលទ្ធភាព នៃរលកយក្សក៏ដោយ៕
អត្ថបទ៖ សុខមាន


