ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លិចបំផ្លាញតំបន់នានានៅខេត្ត Xiangxi Tujia និងតំបន់ស្វយ័ត Miao ក្នុងខេត្ត ហ៊ូណានប្រទេសចិនភាគកណ្តាលកាលពីថ្ងៃសុក្រ បណ្តាលឱ្យមានការជន់លិចផ្លូវថ្នល់ អគារលំនៅឋាន និងតំបន់កសិកម្ម។ អាជ្ញាធរមូលដ្ឋានបានចេញការព្រមានភ្លាមៗអំពីអាកាសធាតុធ្ងន់ធ្ងរ និងបានចល័តកម្លាំងសង្គ្រោះបន្ទាន់ដើម្បីដោះស្រាយស្ថានភាព។ តំបន់ក្នុងទីក្រុង និងទីប្រជុំជននៅជុំវិញនៃតំបន់ Baojing ក្នុងខេត្តបានរងផលប៉ះពាល់ជាពិសេសដោយភ្លៀងធ្លាក់ខ្លាំង ដោយតំបន់នេះទទួលទឹកភ្លៀងជិត ២៨០ មីលីម៉ែត្រក្នុងរយៈពេល ១២ម៉ោង។

ខណៈផ្លូវមួយកន្លែងបានប្រែក្លាយទៅជាទន្លេមានភក់ល្បប់ដោយទឹកជន់លិចកំពុងហូរ ការិយាល័យអាកាសធាតុក្នុងតំបន់បានចេញការព្រមានពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំង ជាកម្រិតខ្ពស់បំផុត នៅពេលថ្ងៃត្រង់។ ភ្លៀងធ្លាក់ឥតឈប់ឈរបានបណ្តាលឲ្យមានការខូចខាតផលដំណាំ លំនៅឋាន និងហាងទំនិញជាច្រើន និងបណ្តាលឲ្យប្រជាពលរដ្ឋច្រើននាក់ជាប់គាំង។ ក្រុមអ្នកពន្លត់អគ្គីភ័យក្នុងតំបន់បានឆ្លើយតបភ្លាមៗ ហើយបានប្រញាប់ប្រញាល់ទៅកាន់តំបន់រងផលប៉ះពាល់ដោយទូកជ័រ។ ដោយសារតែភ្លៀងធ្លាក់ខ្លាំង មនុស្សជាង ១.០០០ នាក់ មកពីក្រុងទាំង ១២ ក្នុងតំបន់ Baojing ត្រូវបានជម្លៀសចេញដោយជោគជ័យទៅកាន់ទីតាំងដែលមានសុវត្ថិភាព។
តំបន់ Guzhang ក្នុងខេត្តក៏បានជួបស្ថានភាពអាកាសធាតុខ្លាំងផងដែរ ដែលចាប់ផ្តើមកាលពីម៉ោង ០១:០០នាទី កាលពីថ្ងៃសុក្រ។ គិតត្រឹមម៉ោង ១១:០០ យប់ តំបន់នេះត្រូវបានជន់លិច ដោយមានភ្លៀងធ្លាក់ជាមធ្យម ១២៥ មីលីម៉ែត្រ ដោយតំបន់មួយចំនួនទទួលទឹកភ្លៀងលើសពី ២៨០ មីលីម៉ែត្រ ដែលនាំឱ្យមានការជន់លិចធ្ងន់ធ្ងរនៅតាមដងផ្លូវក្នុងក្រុងជាច្រើន និងមានបំណាក់ដីនៅជិតផ្លូវរូងក្រោមដីនៅភ្នំជុំវិញនោះ។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញនូវផ្លូវធ្វើដំណើរកំពុងដំណើរការ។ នាយកដ្ឋានអាកាសធាតុក្នុងតំបន់បានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ព្រឹកថ្ងៃចន្ទ៕


