បារាំង៖ ទីក្រុងម៉ាកសី (Marseille) ប្រទេសបារាំងភាគខាងត្បូងបានរង្គោះរង្គើរដោយអគ្គិភ័យ និងកុបកម្ម កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែមិថុនា ខណៈការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសជុំវិញការបាញ់ប្រហាររបស់នគរបាល បណ្តាលឲ្យស្លាប់យុវជនម្នាក់នៅជាយក្រុងប៉ារីស។

វីដេអូតាមបណ្តាញផ្សព្វផ្សាយសង្គមបានបង្ហាញពីក្រុមបាតុករបានដុតកាំជ្រួច និងបំផ្លាញអាជីវកម្មនានា ហើយរថយន្តជាច្រើនគ្រឿងត្រូវបានគេឃើញកំពុងឆេះ។
អភិបាលក្រុង Marseille លោក បេន័រប៉ាយ៉ង់ (Benoit Payan) បានអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសបញ្ជូនកងទ័ពបន្ថែមទៀតជាបន្ទាន់។
លោកបាននិយាយនៅលើបណ្តាញ twitter កាលពីល្ងាចថ្ងៃសុក្រថា ហេតុការណ៍នៃការចូលលួចប្លន់ និងអំពើហិង្សា គឺមិនអាចទទួលយកបានទេ។

ប្រទេសបារាំងបានដាក់ពង្រាយនគរបាលចំនួន ៤៥.០០០ នាក់ និងរថពាសដែកមួយចំនួននៅទូទាំងប្រទេស។ ភាពចលាចលបានផ្ទុះឡើងទូទាំងប្រទេសបន្ទាប់ពីយុវជនឈ្មោះ Nahel M. អាយុ ១៧ ឆ្នាំមានដើមកំណើតអាល់ហ្សេរីនិងម៉ារ៉ុក ត្រូវបានបាញ់កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា នៅជាយទីក្រុងប៉ារីស។ ការស្លាប់របស់យុវជនរូបនេះ ត្រូវបានថតជាវីដេអូ បណ្តាលឱ្យមានការត្អូញត្អែរពីសហគមន៍ទីក្រុងក្រីក្រ ចម្រុះជាតិសាសន៍អំពីអំពើហិង្សា និងការរើសអើងជាតិសាសន៍របស់នគរបាល៕