ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអំពាវនាវប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ។
ក្នុងឱកាសដឹកនាំសមាជិក-សមាជិកាចំនួន អ្នកគាំទ្រជាង៩ពាន់នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឯកឧត្តម គន់ គីម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ និងកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បន្តថា បើទោះបីខេត្តឧត្តរមានជ័យ ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ ទឹកដីទទួលបានកិច្ចអភិវឌ្ឍន៍ ក្រោយគេយ៉ាងណាក្តី តែក្រោមគោលនយោបាយប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្តនេះ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ។
ឯកឧត្តម គន់ គីម សង្កត់ធ្ងន់ថា ទឹកដីឧត្តរមានជ័យ មិនខុសពីខេត្តដទៃនៅទូទាំងប្រទេសកម្ពុជានោះឡើយ ទោះបីខេត្តបិទបញ្ចប់ភ្លើងសង្គ្រាមក្រោយគេក្តី ដោយហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ការធ្វើកសិកម្មជាដើម បានរីកចម្រើន និងផុសឡើងជាបន្តបន្ទាប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះជូនគណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍន៍ជាតិឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ៕