ប៉ូឡូញ៖ ប្រទេសប៉ូឡូញ បានឃុំខ្លួនកីឡាករវាយកូនបាល់លើទឹកកកអាជីពជនជាតិរុស្ស៊ីម្នាក់ពីបទចារកម្ម។ រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃសុក្រទី ៣០ ខែមិថុនា ដោយបានចាត់ទុកជនជាតិរុស្ស៊ីម្នាក់នេះថាជាមនុស្សទី១៤ហើយ ដែលត្រូវបានចាប់ខ្លួនពីបណ្តាញចារកម្ម។
ក្រុមរដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កីឡាកររូបនេះលេងឲ្យក្រុមប្រទេសប៉ូឡូញកងទី ១ ត្រូវបាននាំទៅកាន់មន្ទីរឃុំឃាំងនៅក្នុងតំបន់ Silesia ភាគខាងត្បូងប្រទេសប៉ូឡូញ។ កីឡាករនិងក្រុមរបស់លោក មិនត្រូវបានគេបង្ហាញអត្តសញ្ញាណជាសាធារណៈនោះទេ។ រដ្ឋអាជ្ញា និយាយថាកីឡាកររូបនេះបានមកដល់ប្រទេសប៉ូឡូញកាលពីខែតុលាឆ្នាំ ២០២១ ។

មជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់យោធាប្រទេសលោកខាងលិចដល់ប្រទេសអ៊ុយក្រែន ប្រទេសប៉ូឡូញនិយាយថា ខ្លួនបានក្លាយជាគោលដៅសំខាន់សម្រាប់ចារកម្មរុស្ស៊ី ហើយប៉ូឡូញបានចោទប្រកាន់ទីក្រុងមូស្គូ ពីការព្យាយាមបង្កអស្ថិរភាពដល់ប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Zbigniew Ziobro បានសរសេរនៅលើបណ្តាញ Twitterថា ចារកម្មរុស្ស៊ីកំពុងដួលរលំម្តងមួយៗ។

ចារកម្មដែលធ្វើសកម្មភាពក្រោមការក្លែងបន្លំរបស់អត្តពលិកម្នាក់នេះត្រូវបានចាប់ខ្លួន។ ជនជាតិរុស្ស៊ីរូបនេះគឺជាអ្នកលេងឲ្យក្លឹបកងទីមួយ។ យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា បុរសនេះបានអនុវត្តសកម្មភាពជាច្រើនរួមទាំងការកំណត់អត្តសញ្ញាណហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលលោកបានទទួលការបង់ប្រាក់។ បុរសរូបនេះ នឹងត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំងមុនការកាត់ទោស ហើយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូបានទាមទារការពន្យល់ពីប្រទេសប៉ូឡូញ ជុំវិញការចាប់ខ្លួនពលរដ្ឋរុស្ស៊ីរបស់ខ្លួន។ កាលពីខែមីនា ប្រទេសប៉ូឡូញបាននិយាយថា ខ្លួនបានបំបែកបណ្តាញចារកម្មរុស្ស៊ីដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស ហើយបានឃាត់ខ្លួនមនុស្ស ៩ នាក់ ដែលខ្លួនបាននិយាយថាកំពុងរៀបចំសកម្មភាពបំផ្លិចបំផ្លាញ និងតាមដានផ្លូវរថភ្លើងទៅកាន់ប្រទេសអ៊ុយក្រែន៕