ហុងកុង៖ មេដឹកនាំទីក្រុងហុងកុងលោក John Lee នៅថ្ងៃសៅរ៍ទី១ ខែកក្កដានេះ បានអំពាវនាវឱ្យពលរដ្ឋការពារសន្តិសុខជាតិនៅក្នុងពិធីផ្លូវការមួយដើម្បីរំលឹកខួបលើកទី ២៦ នៃការប្រគល់ទឹកដីនេះពីអង់គ្លេសឲ្យមកការគ្រប់គ្រងរបស់ចិន។ លោក Lee និងមន្ត្រីជាន់ខ្ពស់ រួមទាំងអតីតនាយកប្រតិបត្តិលោក Leung Chun-ying បានចូលរួមក្នុងពិធីបង្ហូតទង់ជាតិជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍នេះ មុនពេលេជល់កែវក្នុងអំឡុងពេលលើកកែវស្រាជូនពរដើម្បីអបអរខួបនៃការប្រគល់ទីក្រុង។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោក Lee បានព្រមានពលរដ្ឋឱ្យ «នៅតែប្រុងប្រយ័ត្ន» ចំពោះកងកម្លាំងដែលមានបំណងដាក់គោលដៅ និងដាក់សម្ពាធមកលើប្រទេសចិន ដែលមួយចំនួនកំពុងលាក់ខ្លួននៅក្នុងទីក្រុងហុងកុង ហើយបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីការពារសន្តិសុខជាតិដោយស្ម័គ្រចិត្ត។
លោក បានប្តេជ្ញាធ្វើសមាហរណកម្មទីក្រុងហុងកុងបន្ថែមទៀតទៅក្នុងការអភិវឌ្ឍន៍រួមរបស់ប្រទេសចិន។ អង់គ្លេសបានប្រគល់ទីក្រុងហុងកុងមកឲ្យការគ្រប់គ្រងរបស់ចិនវិញនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលធានានូវស្វ័យភាពដ៏ទូលំទូលាយ និងឯករាជ្យភាពរបស់តុលាការដែលពុំត្រូវបានមើលឃើញនៅក្នុងប្រទេសចិនដីគោក។ ក្រុមអ្នករិះគន់និយាយថា ការសន្យានេះត្រូវបានលុបចោល បន្ទាប់ពីប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុងកាលពីខែមិថុនា ឆ្នាំ ២០២០ ដោយដាក់ទណ្ឌកម្មលើសកម្មភាពវិទ្ធង្សនា អំពើភេរវកម្ម ការឃុបឃិតជាមួយកងកម្លាំងបរទេស និងការបះបោរ ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត បន្ថែមលើការចាប់ខ្លួនអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់៕

