សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានសន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ នឹងឈរយ៉ាងរឹងមាំលើគោលជំហរជាយុទ្ធសាស្ត្រ និងដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ថ្លែងក្នុងឱកាសប្រារព្ធខួប៧២ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅមុខមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងធានាការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន នឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជាអាទិភាព ដែលនឹងក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោ មានប្រសាសន៍ថា «គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្រខ្ញុំព្រះករុណា ខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។ ខ្ញុំព្រះករុណាខ្ញុំ នឹងឈរយ៉ាងរឹងមាំលើ គោលជំហរជាយុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។
សូមបញ្ជាក់ថា គោលនយោបាយជាអាទិភាពចំនួន ៦ចំណុច ដែលនឹងដាក់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖ ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល ដោយចាប់ផ្ដើមពី៖ ការផ្ដល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ។ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្ដប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។
-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។
-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យទៅតាមស្ថានភាពជាក់ស្ដែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្ដប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។
-ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ ការផ្ដល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមហ៊ុន-សហគ្រាសធុនមីក្រូ តូច និងមធ្យម, និង ការផ្ដល់ការគាំពារសង្គម ដល់បុគ្គលស្វ័យនិយោជន៍នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្ដោតការយកចិត្តទុកដាក់ជាបឋមលើការផ្ដល់សេវាថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។
-ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ដោយចាប់ផ្ដើមពីចំនួន ១០០លានដុល្លារមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចាន់ទី ដំឡូង ពោត និងផលិតផលផ្សេងទៀត តាមការចាំបាច់។
និងកម្មវិធី យោបាយទី៦ : ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេសផ្ដល់សេវាកសិកម្មឱ្យបានគ្រប់ឃុំទាំងអស់នៅទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន៕