អឺរ៉ុប៖ សហភាពអឺរ៉ុប ពុំបានឈានដល់ការឯកភាពគ្នាលើគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាសនោះទេ ដោយសារតែការជំទាស់របស់ប្រទេសប៉ូឡូញ និងប្រទេសហុងគ្រី នៅក្នុងកិច្ចប្រជុំកំពូលរដូវក្តៅរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃសុក្រ។
នៅក្នុងកិច្ចប្រជុំកំពូល សមាជិកសហភាពអឺរ៉ុបមានផែនការផ្តោតលើស្ថានភាពនៅប្រទេសអ៊ុយក្រែន ប៉ុន្តែបញ្ហានានាទាក់ទងនឹងកំណែទម្រង់អន្តោប្រវេសន៍បានគ្របដណ្ដប់លើរបៀបវារៈ។ ការពិភាក្សាស្តីពីការទទួលជនអន្តោប្រវេសន៍ខុសច្បាប់ បានអូសបន្លាយពេលរហូតដល់ថ្ងៃសុក្រ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ថា កិច្ចប្រជុំកំពូលនេះពុំបានឈានដល់ការឯកភាពគ្នាលើបញ្ហាក្តៅនៃកំណែទម្រង់អន្តោប្រវេសន៍នោះទេដោយសារតែការជំទាស់ពីប្រទេសប៉ូឡូញ និងហុងគ្រី។
ទាក់ទងនឹងប្រទេសអ៊ុយក្រែន ទោះបីជាសហភាពអឺរ៉ុប បាននិយាយរំលឹកឡើងវិញនៅក្នុងកិច្ចប្រជុំថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដ៏ចាំបាច់ដល់ប្រទេសនេះរយៈពេលជាយូរក៏ដោយ ការខិត ទៅរកការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនដែលស្នើឡើងដោយប្រទេសបារាំង និងប្រទេសផ្សេងទៀត ត្រូវបានជំទាស់ដោយរដ្ឋសមាជិកជាច្រើន៕
