ត្បូងឃ្មុំ៖ ក្នុងយុទ្ធការថ្ងៃដំបូង នៃការឃោសនាលោក កែវ ពិសិដ្ឋ អនុប្រធានផ្នែកឃោសនាអប់រំនៃយុវជគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទូទាំងឃុំ ប្រមាណជាង ៥០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
លោក កែវ ពិសិដ្ឋ បានថ្លែងប្រាប់ប្រជាជនថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅ មានហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង ៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។









