នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ជាង២ម៉ឺននាក់ ប្រារព្ធពិធីអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ។
ថ្លែងក្នុងពិធីនេះ សម្ដេច ស ខេង អំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមក្នុងការបោះឆ្នោតឱ្យបានច្រើនកុះករ និងសូមចូលរួមគោរព អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ នៃការបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។
សម្ដេចក្រឡាហោម អំពាវនាវដល់អ្នកបោះឆ្នោតទាំងអស់ គឺអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមមេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសសញ្ញាឱ្យបានត្រឹមត្រូវ ដើម្បីបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ជាមួយគ្នានេះ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃដំបូងនេះ ដោយក្នុងនោះពួកគេបានអះអាងថានៅកម្ពុជា មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានសមត្ថភាពរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិ។
អ្នកគាំទ្របានបង្ហាញជំនឿយ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដើម្បីបន្តដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត។
សូមបញ្ជាក់ថា កៅអីតំណាងរាស្រ្តនៅក្នុងខេត្តបាត់ដំបងមានចំនួន៨ អាសនៈ ក្នុងនោះគណបក្សនយោបាយចំនួន១៣បានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោត ខណៈអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានជាង ៦៦ម៉ឺននាក់៕ អត្ថបទ៖ នឿត សុភ័ក្ត្រ











