ព្រែវែង៖ សមាជិក-សមាជិកា ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច នៃគណបក្សប្រជាជនកម្ពុជាចំនួនជាង ៣៣០០នាក់ នៅថ្ងៃដំបូងនេះ បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយបានហែរក្បួនឃោសនាទៅកាន់ភូមិ-ឃុំ នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។
នៅថ្ងៃទី១ខែ កក្កដា ឆ្នាំ២០២៣នេះ និងជាថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយផ្សេងៗ ក្នុងនោះសម្រាប់សមាជិក-សមាជិកា ប្រធាន-អនុក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច នៃគណបក្សប្រជាជនកម្ពុជា ចំនួនជាង ៣ ៣០០ នាក់ បានចូលរួមអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ នៅស្រុកព្រះស្តេច បានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ ប្រកបដោយសេចក្តីសប្បាយរីករាយ នូវសេចក្តីថ្លែងការណ៍រួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីស្តាប់នូវប្រសាសន៍ដ៏ថ្លៃថ្លា របស់ប្រមុខនៃគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ី ប៉ាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកព្រះស្ដេច បានលើកឡើងអំពីគោលការណ៍គន្លឹះមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា និងបានប្រកាសរៀបចំក្បូនយុទ្ធនា ការឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូងនេះ ។
ក្នុងនោះ ឯកឧត្តម ស្នើឲ្យសមាជិក-សមាជិការដែលចូលរួមទាំងអស់, នៅពេលចេញ ដំណើរហែរក្បូន សូមធ្វើដំណើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានការយោគយល់ និងចេះអាព្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសការអនុវត្តឲ្យបានល្អ តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីផ្តល់នូវបរិយាកាស សុខសុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងគ្មានហិង្សា ឬការរំខានអុកឡុក និងការរំខានដល់ការហែរក្បូនជាដើម។
ជុំវិញការហែរក្បូននេះដែរ, សមាជិក-សមាជិកា ប្រធាន-អនុក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ បានចេញហែក្បូនឃោសនារកសំឡេងឆ្នោតទៅកាន់តាមបណ្តាភូមិជាច្រើន នៃឃុំចំនួន ១១ នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងនោះបន្ទាប់ពីការហែរចេញពីគណបក្សប្រជាជនកម្ពុជាស្រុក ផែននីមួយៗ ក៏បានបំបែកហែរទៅកាន់ភូមិ-ឃុំរបស់ខ្លួន ដើម្បីឃោសនារកសំឡេងឆ្នោតបន្ត។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ការចេញឃោសនាបោះឆ្នោតមានរយៈពេល ២១ថ្ងៃ ដោយចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះគណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្ដីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕អត្ថបទ៖ សុន រ៉ាឌី,