ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និយាយនៅកន្លែងកើតហេតុកាលពីថ្ងៃសៅរ៍ថា អគារកម្ពស់ ៦ជាន់ដែលស្ថិតក្រោមការសាងសង់នៅរដ្ឋធានីពាណិជ្ជកម្ម Abidjanរបស់ប្រទេសកូឌីវ័រ បានបាក់ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៧នាក់ ។

លោក Jourdin Yoro ដែលជាមេការមើលការខុសត្រូវការសាងសង់អគារ និងបារងរបួសដោយសារតែបំណែកអគារធ្លាក់លើ បាននិយាយថា នៅវេលាថ្ងៃត្រង់ ម៉ោងក្នុងស្រុក ក្រុមកម្មករបានឮសំឡេងប្រេះ ហើយអគារក៏ចាប់ផ្តើមបាក់សង្កត់លើពួកគេតែម្តង ។
លោក Yoro បន្តថា ភ្លាមៗនោះ ពួកយើងក៏ប្រញាប់រត់ចេញ ហើយរយៈពេលតែ ៤៥វិនាទីប៉ុណ្ណោះ អគារបានបាក់ទាំងស្រុង ។
ប្រតិបត្តិការជួយសង្រ្គោះ កំពុងបន្តនៅកន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់ Riviera Palmeraie ទីក្រុង Abidjan ដោយក្រុមការងារជួយសង្រ្គោះបន្ទាន់ រុករកតាមគំនរបេតុង និងកម្ទេចកម្ទីដែលរាយប៉ាយនៅកន្លែងបាក់អគារ ។
លោក Charles Paolo គឺជាប្រធានអង្គភាពពន្លត់អគ្គិភ័យ និយាយនៅកន្លែងកើតហេតុថា មនុស្ស ៩នាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍បាក់អគារនេះ ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុបាក់អគារ តែងតែកើតមានជាញឹកញាប់នៅក្នុងប្រទេសកូឌីវ័រ និងកន្លែងផ្សេងទៀតនៅអាហ្វ្រិកខាងលិច ពិសេសអំឡុងពេលរដូវវស្សា ដោយសារតែការពង្រឹងច្បាប់សាងសង់ធូររលុង ហើយនិងការប្រើប្រាស់សម្ភារៈសំណង់ពុំមានស្តង់ដារត្រឹមត្រូវ ៕
