អេស្ប៉ាញ៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានថ្លែងទៅកាន់សភាអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងឈ្នះសង្រ្គាម ហើយលោកបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់អឹរ៉ុបចំពោះសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែន ។
លោក Sanchez បានប្រកាសផងដែរថា អេស្ប៉ាញនឹងផ្តល់ជំនួយ ៥៥លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន ។
ការិយាល័យរបស់លោកបាននិយាយថា នាយករដ្ឋមន្រ្តីអេស្ប៉ាញ ចង់ឲ្យដំណើរទស្សនកិច្ចនេះ ក្លាយជាទង្វើដំបូងរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញ ដើម្បីបង្ហាញការគាំទ្រពុំមានការបែងចែករបស់សហភាពចំពោះអ៊ុយក្រែនលើគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា មនុស្សធម៌ និងសេដ្ឋកិច្ច ។ លោក Sanchez បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy ។
លោក Sanchez និយាយថា សង្រ្គាមនៅអ៊ុយក្រែន និងផលវិបាកនៃសង្រ្គាម នឹងក្លាយជាអាទិភាពអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់លោក ៕

