ផ្កាយរណបគន្លងតារាវិថីផលិតឡើងដោយអឺរ៉ុប ត្រូវបានបញ្ជូនទៅកាន់ទីអវកាសកាលពីថ្ងៃសៅរ៍ ចេញពីរដ្ឋ Florida សហរដ្ឋអាមេរិក នៅក្នុងបេសកកម្មមួយ ដើម្បីស្រាយចម្ងល់បាតុភូតចក្រវាឡដ៏អាថ៌កំបាំង គេស្គាល់ថា ជាថាមពលងងឹត ឬចក្រវាឡងងឹត ដែលក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ស្មើនឹង ៩៥ភាគរយនៃចក្រវាឡ ។

តេឡេស្កូប Euclid ដែលត្រូវបានគេដាក់ឈ្មោះសម្រាប់គណិតវិទូបុរាណក្រិក និងគេស្គាល់ថាជា “បិតាធរណីមាត្រ”នោះ ត្រូវបាននាំទៅកាន់ទីអវកាសដោយរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលបានហោះចេញពីស្ថានីយកម្លាំងអវកាស Cape Canaveral កាលពីវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃសៅរ៍ ។

ចក្ខុវិស័យថ្មីនៃបេសកកម្មតម្លៃ ១,៤ពាន់លានដុល្លាររបស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលត្រូវបានបង្កើតឡើងអស់រយៈពេលយ៉ាងហោច ៦ឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូររូបវិទ្យា ហើយយល់ដឹងកាន់តែច្បាស់ពីធម្មជាតិទំនាញ ។
បន្ទាប់ពីការហោះហើររយៈពេលខ្លីទៅកាន់ទីអវកាស តេឡេស្កូប Euclid បានផ្តាច់ខ្លួនពីយានចម្លង Falconសម្រាប់ការធ្វើដំណើររយៈពេល ១ខែទៅកាន់គោលដៅរបស់វាស្ថិតនៅក្នុងគន្លងព្រះអាទិត្យ ដែលមានចម្ងាយប្រហែល ១,៦លានគ.ម ពីផែនដី ៕
