អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីប្រទេសហៃទីកាលពីថ្ងៃសៅរ៍ (១ កក្កដា) បាននិយាយថា ជំនួយអន្តរជាតិមិនបានបំពេញតម្រូវការមនុស្សធម៌ដែលកំពុងកើនឡើងរបស់ប្រទេសក្រីក្រមួយនេះនោះទេ ហើយបានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់នគរបាលហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអន្ធពាល។

ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងដើម្បីចង់បង្ហាញវិបត្តិនានាដែលប្រទេសតំបន់សមុទ្រការ៉ាអ៊ីពមួយនេះកំពុងជួបប្រឈម ខណៈដែលប្រទេសនេះតស៊ូប្រយុទ្ធនឹងក្រុមជនអន្ធពាលហិង្សាដែលបានវាយលុករដ្ឋធានី Port-au-Prince(ព័រអូប្រាំង) ហើយលោក Guterres បានជំរុញឲ្យមានសាមគ្គីភាពក្នុងប្រទេសនេះផងដែរ។
កាលពីប្រាំបួនខែមុន ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានស្នើឱ្យប្រទេសមួយឬច្រើនបញ្ជូន "កងកម្លាំងប្រតិកម្មរហ័ស" ដើម្បីគាំទ្រសេវាសន្តិសុខរបស់ប្រទេសហៃទី។ មិនទាន់មានកងកម្លាំងបែបនេះត្រូវបានដាក់ពង្រាយក្នុងប្រទេសនេះនៅឡើយទេ ដោយសារថាមិនមានប្រទេសណាមួយបានចេញមុខនោះឡើយ។
កាលពីខែកញ្ញាឆ្នាំមុន ក្រុមជនអន្ធពាល បានធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ដោយការបិទស្ថានីយប្រេងឥន្ធនៈរយៈពេលប្រាំមួយសប្តាហ៍ ដែលបណ្ដាលឲ្យមានការបញ្ឈប់សកម្មភាពសេដ្ឋកិច្ចភាគច្រើន។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែតុលាបានដាក់ទណ្ឌកម្មលើក្រុមឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហៃទី ដែលត្រូវបានចោទប្រកាន់ថាបានដឹកនាំការបិទផ្លូវដើម្បីតវ៉ានឹងការកាត់បន្ថយការឧបត្ថម្ភធនប្រេងរបស់រដ្ឋាភិបាល៕
