យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅក្នុងផ្នែកខ្លះនៃប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ (១ កក្កដា) បានជន់លិចទីប្រជុំជនមួយចំនួន ហើយបានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និង ២នាក់ទៀតបាត់ខ្លួន។

រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្លូវលិចទឹក ផ្ទះខ្លះលិចទឹក និងទន្លេអាសាជោរជន់នៅទីក្រុងសានយ៉ូ អូណូដា (Sanyo Onoda) ក្នុងខេត្តយ៉ាម៉ាគូឈី (Yamaguchi) បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា បុរសម្នាក់បានស្លាប់ក្នុងរថយន្តដែលបានក្រឡាប់នៅក្នុងតំបន់ដូចគ្នានោះ។
យោងតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន កន្លែងជាច្រើននៅក្នុងខេត្ត យ៉ាម៉ាគូឈី និងតំបន់ក្យូស៊ូ (Kyushu) ភាគខាងជើងបានកត់ត្រាបរិមាណទឹកភ្លៀងដែលមិនធ្លាប់មានកាលពីថ្ងៃសៅរ៍។
ទីក្រុង យ៉ាម៉ាគូឈិ បានចុះបញ្ជីកម្រិតទឹកភ្លៀង ២៨៩មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខណៈដែលតំបន់គូនិមី (Kunimi) ក្នុងខេត្តអូអ៊ិតា (Oita) មានភ្លៀងធ្លាក់កម្រិត ២៤៩,៥មីលីម៉ែត្រ ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីស្ថិតិបានចាប់ផ្តើមមក៕
