លោកស្រី ថាក់ ឡានី ដែលនិរទ្ទេសខ្លួនទៅក្រៅប្រទេស ដង្ហែតាមមេឧទ្ទាមក្រៅច្បាប់ដឹកនាំដោយបុគ្គល សម រង្ស៊ី គេចពីសំណាញ់ច្បាប់កម្ពុជា បានវិលត្រលប់មកដល់មាតុប្រទេសវិញ នៅវេលាម៉ោងជាង១២ នៅថ្ងៃទី១៤ ខែឧសភានេះ។
លោកស្រី ថាក់ ឡានី បានប្រាប់សារព័ត៌មានក្នុងស្រុក ដោយក្តីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន ដែលបានវិលត្រលប់មកកាន់មាតុភូមិវិញ ក្រោមការសណ្ដោសប្រោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោកស្រី បញ្ជាក់ថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជាទៅស្នាក់នៅប្រទេសស៊ុយអែតតាមអតីតមេដឹកនាំនៃអតីតបក្សប្រឆាំង លោកស្រី បានរស់នៅម្នាក់ឯង កណ្ដោចកណ្ដែង ដូចចកនៅកណ្ដាលលំហសមុទ្រ គ្មានកោះគ្មានត្រើយ ហើយអតីតមេដឹកនាំ នៃអតីតបក្សប្រឆាំងរូបនោះ មិនដែលមកសួរសុខទុក្ខលោកស្រីម្ដងណាឡើយ។ នៅពេលលោកស្រីមានទុក្ខព្រួយ លោកស្រីតែងនឹកឃើញមេដឹកនាំ ដែលលោកស្រីជឿទុកចិត្តតែម្នាក់គត់ ដែលអាចជួយសង្គ្រោះលោកស្រីបាន គឺសម្ដេចតេជោ ហ៊ុន សែន។
លោកស្រី និងស្វាមី បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។
គួរបញ្ជាក់ថា លោកស្រី ថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យ លើកលែងទោស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តាមការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

