បារាំង៖ មនុស្សជាង៣.០០០នាក់ ត្រូវបានចាប់ឃុំខ្លួន នៅប្រទេសបារាំង ក្នុងការតវ៉ាដោយហិង្សាដែលបានបង្កឡើងដោយការបាញ់សម្លាប់យុវជនម្នាក់ពីសំណាក់នគរបាល។
យុវជនវ័យ១៧ឆ្នាំ រូបនេះ ត្រូវបានបាញ់សម្លាប់អំឡុងការឈប់ត្រួតពិនិត្យចរាចរណ៍ ក្នុងទីប្រជុំជន ណង់ទែរ (Nanterre) ជាយក្រុងប៉ារីស កាលពីថ្ងៃអង្គារសប្ដាហ៍មុន។

រដ្ឋាភិបាលបារាំង បានបញ្ជូនក្រុមមន្ត្រីនគរបាល និងកងកម្លាំងផ្សេងទៀត ចំនួន៤៥.០០០នាក់ ទៅកាន់ដងផ្លូវនានា ខណៈក្រុមបាតុករបានដុតរថយន្ត និងអគារជាច្រើន។
សារព័ត៌មានក្នុងស្រុក បាននិយាយថា យុវជនដែលត្រូវបានបាញ់សម្លាប់ គឺជាកូនកាត់មានដើមកំណើតអាហ្វ្រិកខាងជើង។
អ្នកនាំពាក្យសម្រាប់ឧត្ដមស្នងការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងសប្ដាហ៍ថា នេះគឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ប្រទេសបារាំងដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនៃការ ប្រកាន់ពូជសាសន៍ និងការរើសអើងនៅក្នុងការអនុវត្តន៍ច្បាប់។


រដ្ឋាភិបាលបារាំងបាននិយាយក្នុងការឆ្លើយតបចំពោះការចោទប្រកាន់ណាមួយ នៃការប្រកាន់ពូជសាសន៍និងការរើសអើងជាប្រព័ន្ធដោយនគរបាលក្នុងប្រទេសបារាំង ថាជារឿងគ្មានមូលដ្ឋានទាល់តែសោះ។
ភាពរំជើបរំជួលនេះ កំពុងបង្កជាឧបសគ្គសម្រាប់ផ្នែកការទូតរបស់បារាំង។ លោកប្រធានាធិបតី Emmanuel Macron បានផ្អាកដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលបានគ្រោងពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ៕