អ៊ីស្រាអែល៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ថា ប្រទេសអ៊ីស្រាអែល បានព្រមព្រៀងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ជាច្រើនគ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣ពាន់លានដុល្លារ។

ក្រសួងបានប្រាប់ថា យន្តហោះ ២៥គ្រឿងបន្ថែមដែលផលិតដោយក្រុមហ៊ុន Lockheed Martin នឹងនាំឲ្យចំនួនយន្តហោះ F-35 នៅក្នុងកងទ័ពអាកាសរបស់អ៊ីស្រាអែលកើនឡើងដល់៧៥គ្រឿង ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈកញ្ចប់ជំនួយការពារជាតិ ដែលអ៊ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក។
អ៊ីស្រាអែល ជាប្រទេសដំបូងគេ នៅក្រៅសហរដ្ឋអាមេរិក ដែលបានទិញយន្តហោះ F-35 ហើយកាលពីខែឧសភា ឆ្នាំ២០១៨ មេទ័ពអាកាសរបស់ប្រទេសនេះ បាននិយាយថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេដែលប្រើយន្តហោះនេះ ក្នុងការប្រយុទ្ធ។
យន្តហោះ F-35 ត្រូវបានគេស្គាល់ថា ជា Joint Strike Fighter (យន្តហោះចម្បាំងវាយប្រហាររួម) និងក្នុងភាសាអ៊ីស្រាអែលតាមភាសាហេប្រ៊ូរបស់ខ្លួនថា «Adir» (ដ៏មានអំណាច)។ ជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ីស្រាអែល បានបន្ថែមថា ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុនផលិតម៉ាស៊ីន Pratt & Whitney បានយល់ព្រមចូលរួមជាមួយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល ដើម្បីផលិតគ្រឿងបន្លាស់យន្តហោះ៕

