ស៊ុដង់៖ ការប៉ះទង្គិចគ្នា រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា ហៅកាត់ថា ( RSF) បានពុះកញ្ជ្រោលកាន់តែខ្លាំង កាលពីថ្ងៃអាទិត្យ ខណៈសង្រ្គាម នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ និងតំបន់ជាច្រើននៅភាគខាងលិចបានឈានចូលដល់សប្ដាហ៍ទី១២ ដោយពុំបានមើលឃើញសញ្ញានៃការប៉ុនប៉ងនាំយកសន្តិភាពបញ្ចប់ជម្លោះនោះទេ។

គេបានលឺសំឡេងនៃការវាយប្រហារតាមអាកាសនិងកាំភ្លើងធំ ព្រមទាំងអាវុធធុនតូចពិសេសនៅក្នុងទីក្រុង អូមឌូម៉ាន់ (Omdurman) ក៏ដូចជានៅក្នុងរដ្ឋធានីខាទូម(Khartoum)ខណៈជម្លោះនេះ បង្កឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងគំរាមកំហែងដល់ផលប្រយោជន៍តំបន់ផ្សេងទៀត។
កងកម្លាំងគាំទ្ររហ័សប៉ារ៉ា បាននិយាយថា ខ្លួនបានបាញ់សម្លាក់យន្តហោះចម្បាំង និងយានដ្រូនមួយគ្រឿង នៅក្នុងទីប្រជុំជន បារី( Bahri) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលភាគីខាងយោធាពុំបានឆ្លើយតបភ្លាមៗនោះទេ។
ពលរដ្ឋវ័យ២៥ឆ្នាំម្នាក់ ដែលរស់នៅក្នុងភាគខាងជើងទីក្រុង អូមឌូម៉ាន់ (Omdurman) បានប្រាប់សារព័ត៌មាន Reuters តាមទូរស័ព្ទថា យើងភ័យខ្លាចណាស់ ព្រោះការវាយប្រហារកើតឡើងជារៀងរាល់ថ្ងៃនិងកាន់តែធ្ងន់ធ្ងរទៅ ។
RSF បាន គ្រប់គ្រងរដ្ឋធានីនេះ ហើយត្រូវបានចោទប្រកាន់ពីបទលួចយកទំនិញ និង ចូលកាន់កាប់ផ្ទះសម្បែងប្រជាពលរដ្ឋ ខណៈដែលកងទ័ពបានផ្ដោតលើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ៕