ចិន៖ មន្ត្រីជាន់ខ្ពស់រតនាគារអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី២ ខែកក្កដា) ថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ ខែកក្កដា ដល់ថ្ងៃទី៩ ខែកក្កដា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនលើបញ្ហាជាច្រើន ក្នុងនោះរួមទាំងការបារម្ភរបស់សហរដ្ឋអាមេរិកអំពីច្បាប់ប្រឆាំងចារកម្មថ្មីរបស់ចិន។

មន្ត្រីជាន់ខ្ពស់រូបនោះ បានប្រាប់អ្នកសារព័ត៌មានថា ការធ្វើដំណើរដែលត្រូវបានរំពឹងទុកជាយូរមកហើយរបស់លោកស្រី Yellen គឺជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតី Joe Biden ដែលចង់ធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែមានភាពស៊ីជម្រៅ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២ ធ្វើឲ្យទំនាក់ទំនងមានស្ថិរភាព និងកាត់បន្ថយហានិភ័យនៃកំហុសឆ្គងនានា នៅពេលមានការខ្វែងគំនិតគ្នាកើតឡើង។
ការលើកឡើងនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងការធ្វើឲ្យចំណងទាក់ទងមានស្ថិរភាព និងធានាថា ការប្រជែងគ្នាដ៏ខ្លាំងក្លារបស់ប្រទេសទាំង២ មិនប្រែក្លាយទៅជាជម្លោះនោះឡើយ។
ស្របជាមួយនឹងការមានសញ្ញាល្អខ្លះៗពីទស្សនកិច្ចរបស់លោក Blinken នោះ ក៏មានលេចឡើងនូវប្រតិកម្មតវ៉ាយ៉ាងខ្លាំងក្លាដោយប្រទេសចិន បន្ទាប់ពីលោក Biden បានហៅលោក Xi ថាជា «ជនផ្តាច់ការ» ប៉ុន្តែយ៉ាងណាក្ដី អ្នកវិភាគលើកឡើងថា ពាក្យសម្ដីនេះជះផលប៉ះពាល់តិចតួចប៉ុណ្ណោះក្នុងកិច្ចប្រឹងប្រែង ដើម្បីធ្វើទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ កាន់តែប្រសើរឡើង។
ពាក់ព័ន្ធនឹងទស្សនកិច្ចនេះ មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតពីមន្ត្រីចិន ដែលលោកស្រី Yellen នឹងជួបនៅទីក្រុងប៉េកាំងនោះ។ មន្ត្រីរដ្ឋបាលទី២ បានប្រាប់សារព័ត៌មាន Reuters ថា លោកស្រី Yellen ត្រូវបានគេរំពឹងថា នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng (ហ៊ើ លីហ្វឹង)៕