អាមេរិក៖ យោងតាមរបាយការណ៍របស់នគរបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់ និង២៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅទីក្រុង Baltimore រដ្ឋ Maryland កាលពីថ្ងៃអាទិត្យ នៅកន្លែងកើតហេតុក្នុងពិធីជប់លៀងថ្ងៃឈប់សម្រាកចុងសប្តាហ៍។

យោងតាមនគរបាលនៅទីក្រុង Baltimore ជាទីក្រុងមានចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Washington DC បានឱ្យដឹងថា ស្ត្រីអាយុ ១៨ ឆ្នាំ និងបុរសអាយុ២០ឆ្នាំ ត្រូវបានបាញ់សម្លាប់ ហើយជនរងគ្រោះ៣នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជនសង្ស័យ នៅមានសេរីភាពនៅឡើយ ។ អភិបាលក្រុង លោក Brandon Scott និងនាយកដ្ឋាននគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ការស៊ើបអង្កេតកំពុងធ្វើឡើង ហើយយើងនឹងមិនសម្រាកនោះទេ រហូតដល់អ្នកទទួលខុសត្រូវ ត្រូវបានចាប់ខ្លួន។ សោកនាដកម្មនេះបានធ្វើឲ្យរង្គោះរង្គើរទីក្រុងនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ក្នុងខែកក្កដានេះ នៅពេលដែលប្រជាជនអាមេរិកជាធម្មតាជួបជុំគ្នាសម្រាប់ពិធីក្បួនព្យុហយាត្រា ការរៀបសាច់អាំង និងមើលកាំជ្រួចភ្ញី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ការបាញ់ប្រហារបានកើតឡើងភ្លាមៗក្រោយពាក់កណ្តាលអធ្រាត្រនៅពិធីជប់លៀងប្លុក «Brooklyn Day» នៅក្នុងតំបន់ Brooklyn Homes នៃទីក្រុង Baltimore ដែលមានមនុស្សរាប់រយនាក់បានមកចូលរួម។ សាក្សីម្នាក់បានប្រាប់ទូរទស្សន៍ Fox 45 ថាពួកគេបានឮការបាញ់កាំភ្លើងពី២០ទៅ ៣០ គ្រាប់។

នគរបាលនិយាយថា មនុស្ស៩នាក់ត្រូវបានដឹកចេញពីកន្លែងកើតហេតុទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ខណៈមនុស្ស២០នាក់ផ្សេងទៀតដែលរងគ្រោះដែរនោះបានទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Medstar Harbor Hospital បានព្យាបាលអ្នកជំងឺចំនួន ១៩ នាក់កាលពីព្រឹកថ្ងៃអាទិត្យ ដែលសុទ្ធតែមានរបួសក្នុងស្ថានភាពផ្សេងគ្នាដោយគ្រាប់កាំភ្លើង បន្ទាប់ពីឧបទ្ទវហេតុនេះ។